(ក្រចេះ)៖ លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ តំណាងលោក វ៉ា ថន អភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល និងបើកផ្តល់ប្រាក់របបគោលនយោបាយចំពោះជនពិការ ក្រីក្រនៅតាមសហគមន៍ ក្នុងក្រុងក្រចេះ ចំនួន១៣១នាក់ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ។
ថ្លែងក្នុងឱកាសនោះ លោកស្រី ខាំ សុភាព បានលើកឡើងថា ខេត្តក្រចេះនៅក្នុងឆ្នាំ២០២៣ គណៈកម្មការបានរៀបចំជ្រើសរើសឈ្មោះប្រជាពលរដ្ឋដែលមានពិការភាព មានបណ្ណក្រីក្រ តាមរយៈកម្មវិធីកំណត់អត្តសញ្ញាណកម្ម ពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន សម្រាប់ធ្វើការផ្តល់ប្រាក់របបគោលនយោបាយជូនជនពិការក្រីក្រ ក្នុងក្រុងក្រចេះ ដែលមានចំនួន ១៣១នាក់ ស្រី៧៤នាក់។
លោកស្រីបានបញ្ជាក់ថា សម្រាប់ជនមានពិការភាពដែលទទួលប្រាក់ឧបត្ថម្ភ៥១ខែ គឺមានចំនួន២៤៣នាក់ ក្នុងនោះស្រីមាន២៦នាក់ ដោយឡែកអ្នកទទួលបានប្រាក់ឧបត្ថម្ភ ៦ខែវិញ គឺមានចំនួន៨០នាក់ ក្នុងនោះស្រី៤៨នាក់ផងដែរ។
ចំពោះមុខរដ្ឋបាលខេត្ត នឹងបន្តពង្រឹងសកម្មភាពយន្តការដែលមានស្រាប់ ហើយសហការពង្រីកបន្ថែមនូវកិច្ចអន្តរាគមន៍ ក្នុងការផ្តល់សេវាសង្គមកិច្ច និងកម្មវិធីសង្គ្រោះបន្ទាន់ឲ្យកាន់តែទូលំទូលាយ ពិសេសការកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋក្រីក្រ។ ការដាក់ចេញវិធានការជួយដោះស្រាយ សម្រាលទុក្ខលំបាក របស់ជនរងគ្រោះដោយមហន្តរាយធម្មជាតិ ការពង្រីកកម្មវិធីស្តារលទ្ធភាពពលកម្ម កម្មវិធីសមាហ រណកម្មឡើងវិញ។
ដោយឡែក សម្រាប់ជនដែលមានពិការភាព ជនរងគ្រោះដោយគ្រឿង ដោយអំពើកេងប្រវ័ញ្ច និងកុមារដែលបំពានច្បាប់ ក៏ដូចជាពង្រីកកម្មវិធីសុខុមាលភាពដល់ជនចាស់ជរា កុមារកំព្រា ស្ត្រី មេម៉ាយ ពោះម៉ាយក្រីក្រ គ្រួសារក្រីក្រ ស្ត្រី កុមាររងគ្រោះ ជនគ្មានទីលំនៅ និងអតីតយុទ្ធជន ព្រមទាំងគ្រួសារ ដើម្បីឲ្យពួកគាត់ទទួលបាននូវសេវាសុខភាព អាហារូបបត្ថម្ភ ការបណ្តុះបណ្តាលមុខជំនាញ ការបង្កើតមុខរបរ និងការអប់រំ សំដៅប្រែក្លាយប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ និងសហគមន៍ទៅជាមូលដ្ឋានផលិតរបស់ជាតិ រួមចំណែកធ្វើឲ្យគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះទទួលបានជោគជ័យ៕