(ភ្នំពេញ)៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព ក្រោយពីបានបំពេញទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តី នៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោកស្រី យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភាបារាំង។
ដំណើរទស្សនកិច្ចនេះ បានចូលរួមពូនជ្រំបន្ថែមទៀតដល់ទំនាក់ទំនងដ៏ល្អនិងជាប្រវត្តិសាស្រ្តកម្ពុជា-បារំាង ឱ្យកាន់តែរឹងមាំជិតស្និទ្ធឡើងថែមទៀត។ ជាពិសេសបានពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយ ទំាងក្របខណ្ឌទ្វេភាគីនិងពហុភាគី។
វត្តមានប្រធានរដ្ឋសភាកម្ពុជាជាស្រ្តី ក្នុងកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីដែលមានវត្តមានប្រធានសភាចំនួន២៥ប្រទេស ក្នុងសកលលោកចូលរួម ជាមោទកភាពរបស់កម្ពុជា និងជាឱកាសរដ្ឋសភាកម្ពុជាលើកកម្ពស់វិស័យការទូតសភាជាមួយសភាជាមិត្ត ក្នុងការជំរុញយន្តការសភានៅក្នុងការដោះស្រាយនិងស្វែងរកផលប្រយោជន៍ជូនពលរដ្ឋ ជាពិសេសស្រ្តីនិងកុមារ។
ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិបតី បានប្រើប្រាស់នូវទេពកោសល្យ បទពិសោធន៍ ការទូតសភាដ៏ទន់ភ្លន់ រស់រវើក ម៉ឹងម៉ាត់ ឈរលេីគោលការណ៍ឯករាជ្យ អធិបតេយ្យ ដើម្បីទាញយកផលប្រយោជន៍ ជូនប្រទេសជាតិនិងប្រជាពលរដ្ឋ តាមរយៈវិស័យការទូតសភា រឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការកាន់តែសកម្មជាមួយសមភាគីបារំាង និងសភាបណ្តាប្រទេសនានា ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភលោក ដូចជាការទាក់ទាញអ្នកវិនិយោគ អ្នកទេសចរ ស្វែងរកគំាទ្រដល់អភិវឌ្ឍន៍ធនធានមនុស្ស ពង្រឹងសមត្ថភាពមន្រ្តីរាជការអគ្គលេខាធិការដ្ឋានរដ្ឋសភា ភ្ជាប់ទំនាក់ទំនងរដ្ឋសភាកម្ពុជា ជាមួយរដ្ឋសភាបរទេសនៅគ្រប់កម្រិត ទំាងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ តំណាងរាស្រ្ត តំណាងរាស្រ្តជាស្រី្ត តំណាងរាស្រ្តវ័យក្មេង និងកម្រិតអគ្គលេខាធិការដ្ឋានរដ្ឋភា ផងដែរ៕