(ភ្នំពេញ)៖ ព្រឹទ្ធសភា នឹងបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ របស់ខ្លួន នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ស្អែកនេះ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន២។ នេះបើតាមលទ្ធផល នៃកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃទី១១ ខែមីនានេះ។
កិច្ចប្រជុំត្រូវបានប្រារព្ធឡើង នៅវិមានព្រឹទ្ធសភា ក្រោមអធិបតីភាព លោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភាកម្ពុជា ដោយមានការចូលរួមពីសមាជិកអចិន្រ្តៃយ៍នានារបស់ព្រឹទ្ធសភាផងដែរ។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៨៖០០នាទីព្រឹក ដើម្បីបើកសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ដោយមានរបៀបវារៈដូចខាងក្រោម៖
*១៖ ពិនិត្យ ហើយឱ្យយោបល់លើ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ សម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល។
*២៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក៕