(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតី​បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេច និងរម្លឹកឡើងវិញ អំពីការងារជាសមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាល ក្នុងការងារជំរុញឌីជីថលូបនីយកម្ម។

វេទិការដ្ឋាភិបាលឌីជីថលលើកទី១ រៀបចំនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់យកឱកាសនេះគូសរំលេច និងរម្លឹកឡើងវិញ អំពីការងារជាសមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាលក្នុងការងារជំរុញឌីជីថលូបនីយកម្ម រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តគម្រោងបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ; គម្រោងប្រព័ន្ធបញ្ជរតែមួយជាតិ; ប្រព័ន្ធអេឡិចត្រូនិកពន្ធដារ និង គយ; ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ប្រព័ន្ធចុះបញ្ជីអាជីវកម្ម និងផ្តល់អាជ្ញាប័ណ្ណ, ប្រព័ន្ធអប់រំឌីជីថល ឬអេឡិចត្រូនិក, ប្រព័ន្ធគ្រប់គ្រងផ្នែកអត្តសញ្ញាណកម្ម, ប្រព័ន្ធគ្រប់គ្រងដីធ្លី និងយានយន្ត ជាដើម»

សម្តេចធិតី បានថ្លែងទៀតថា ថ្នាលផ្លាស់ប្ដូទិន្នន័យកម្ពុជា Cambodia Data Exchange (CAMDX) ដែលជាថ្នាលគន្លឹះមួយ បាននិងកំពុងប្រើប្រាស់ដោយស្ថាប័នសាធារណៈ និងវិស័យឯកជន ក្នុងការចែករំលែកនិងផ្លាស់ប្ដូរទិន្នន័យក្នុងប្រព័ន្ធអេកូឡូស៊ីរួម ក៏ធ្លាប់ជ័យលាភីអន្តរជាតិក្នុងកម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាល Future of Government Award 2022 ផងដែរ។ នេះជាមោទនភាពមួយថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការងារឌីជីថលូបនីយកម្មក្នុងវិស័យរដ្ឋាភិបាល។

ជាមួយគ្នានេះ សម្តេចធិបតី បានបន្ថែមថា ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh ដែលបានទទួលពានរង្វាន់ឌីជីថលមេដាយមាសអាស៊ាន កាលពីពេលថ្មីៗនេះ នឹងដើរតួនាទីគន្លឹះក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា។

សូមជម្រាបថា បច្ចេកវិទ្យាឌីជីថល គឺជាវិស័យដ៏មានសារៈសំខាន់ក្នុងយុគសម័យបរិវត្តកម្មឌីជីថលនេះ ដើម្បីជំរុញដល់​កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោ​បាយសេដ្ឋកិច្ច និង​សង្គមឌីជីថលតាំងពីពេលសម្តេចតេជោ ហ៊ុន សែន​ ដឹកនាំប្រទេសមកម្ល៉េះ។

ក្នុងនីតិកាលថ្មីដឹកនាំដោយ​សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រួចមុំការងាររបស់រាជរដ្ឋាភិបាលលើឌីជីថលកាន់តែច្បាស់លាស់ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ក្នុងនោះ បញ្ចកោណទី៥ បានផ្តោតលើការអភិវឌ្ឍ​សេដ្ឋ​កិច្ច និងសង្គមឌីជីថល។

បើតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ការទូទាត់សងប្រាក់ឌីជីថលបានកើនដល់ចំនួនប្រមាណ ៤៩២ ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ដែលប្រហែលនឹង ១៦ដងនៃ GDP ៕