(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានសម្រេចលុបចោល ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ជាលើកដំបូងទៅកាន់ប្រទេស ប្រ៊ុយណេ ដើម្បីទុកឱកាសក្នុងការ គ្រប់គ្រងស្ថានការណ៍អាក្រក់នៅទីក្រុង Davao ជាស្រុកកំណើតរបស់លោកដែលបាន ទទួលរងការវាយប្រហារ ដោយអំពើភេរវកម្ម នៅយប់ថ្ងៃសុក្រ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០១៦។
ការបំផ្ទុះគ្រាប់បែកដ៏កក្រើកមួយ បានកើតឡើងនៅក្នុងទីផ្សាររាត្រីមួយកន្លែង របស់ទីក្រុង Davao បានបណ្តាលឲ្យមនុស្ស ១៤នាក់ស្លាប់ និង ៧១នាក់របួស ហើយអាជ្ញាធរបាន សម្រេចដាក់តំបន់ទាំងមូលទៅក្នុង ការការពារសន្តិសុខខណៈប្រទេសកំពុងអនុវត្តន៍ច្បាប់ សន្តិសុខតឹងរឹង ខណៈមិនទាន់មានក្រុមណាមួយ ចេញមុខអះអាងថាស្ថិតនៅពីក្រោយខ្នង ការវាយប្រហារខាងលើនេះឡើយ។
ដោយឡែកសម្រាប់ ដំណើរទៅចូលរួមកិច្ចប្រជុំកំពូល នៃមេដឹកនាំបណ្តាប្រទេស អាស៊ាន នៅប្រទេសឡាវនាសប្តាហ៍ក្រោយ លោក Duterte នឹងទៅចូលរួម តាមការគ្រោងទុក ក៏ប៉ុន្តែសម្រាប់ដំណើរទស្សនកិច្ចទៅកាន់ ប្រទេសឥណ្ឌូណេស៊ីដើម្បីចូលរួមកិច្ចប្រជុំ កំពូលអាស៊ានមួយទៀតនោះ លោក Duterte មិនទាន់ធ្វើការសម្រេចចិត្ត នៅឡើយទេ៕