(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធី​បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការធ្វើឌីជីថលូបនីយកម្មនៅកម្ពុជា ដែលបានបោះជំហានទៅមុខក្នុងល្បឿនលឿនគួរឲ្យកត់សម្គាល់។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា វិបត្តិនៃជំងឺកូវីដ១៩ ក៏បានជំរុញឲ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែខ្លាំង និងជ្រាលជ្រៅជាងពេលណាៗទាំងអស់។ ខណៈអ្នកចុះឈ្មោះប្រើប្រាស់សេវាអ៉ីនធ័រណេតចល័ត និងអ្នកចុះឈ្មោះប្រើប្រាស់សេវាទូរស័ព្ទចល័ត បានកើនដល់ប្រមាណជាង១៩លាននាក់ ក្នុងឆ្នាំ២០២៣។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើឌីជីថលូបនីយកម្មនៅកម្ពុជាបានបោះជំហានទៅមុខក្នុង ល្បឿនមួយគួរឲ្យកត់សម្គាល់។ វិបត្តិនៃជំងឺកូវីដ១៩ បានជំរុញឲ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែខ្លាំង និងជ្រាលជ្រៅជាងពេលណាៗទាំងអស់»

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ការទូទាត់សងប្រាក់ឌីជីថលបានកើនដល់ចំនួនប្រមាណ ៤៩២ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ដែលប្រហែលនឹង១៦ដងនៃ GDP។ ដោយឡែក ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh ដែលបានទទួលពានរង្វាន់ឌីជីថលមេដាយមាសអាស៊ាន កាលពីពេលថ្មីៗនេះ នឹងដើរតួនាទីគន្លឹះ ក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទដើម្បី ឧត្តមប្រយោជន៍ សម្រាប់ប្រជាជនកម្ពុជា។

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើន នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច។

ក្នុងនោះ ព្រមទាំងបានជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវីល័យ ដែលពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាប័ន្ន, ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ ហើយដំណាលគ្នានេះក៏រក្សាឲ្យបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ។ នេះជាអ្វីដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែម។

ក្រៅពីសមិទ្ធផលខាងលើ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេច និងរំលឹកឡើងវិញ អំពីការងារជាសមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាលក្នុងការងារជំរុញឌីជីថលូបនីយកម្ម រាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តគម្រោងបច្ចេកវិទ្យា ព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, គម្រោងប្រព័ន្ធបញ្ជរតែមួយជាតិ, ប្រព័ន្ធអេឡិចត្រូនិកពន្ធដារ និងគយ, ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងប្រព័ន្ធចុះបញ្ជីអាជីវកម្ម និងផ្តល់អាជ្ញាប័ណ្ណ, ប្រព័ន្ធអប់រំឌីជីថល ឬអេឡិចត្រូនិក, ប្រព័ន្ធគ្រប់គ្រងផ្នែកអត្តសញ្ញាណកម្ម, ប្រព័ន្ធគ្រប់គ្រងដីធ្លី និងយានយន្ត ជាដើម៕