(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជា បាននិងកំពុងចូលរួមជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការជំរុញការរៀបចំ កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែលរំពឹងថានឹងជួយបង្កើនទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានពី ១ទ្រីលានដុល្លារ ដល់ ២ទ្រីលានដុល្លារ ត្រឹមឆ្នាំ២០៣០។

ការថ្លែងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តរបៀបវារៈគោលនយោបាយឌីជីថល ដោយស្មារតីបុរេសកម្ម និងបើកចំហ សំដៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ឌីជីថលជាតិ និងគោលដៅអភិវឌ្ឍន៍ឌីជីថលតំបន់ និងសកល ដូចមានកំណត់ក្នុងផែនការមេឌីជីថលអាស៊ាន ២០២៥ និងយុទ្ធសាស្ត្រឌីជីថល ២០២២-២០២៥ របស់អង្គការសហប្រជាជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «កម្ពុជា បាននិងកំពុងចូលរួមជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការជំរុញការរៀបចំ កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែលរំពឹងថានឹងជួយបង្កើនទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានពី ១ទ្រីលានដុល្លារ ដល់ ២ទ្រីលានដុល្លារ ត្រឹមឆ្នាំ២០៣០»

សម្តេចធិបតី ហ៊ុន ម៉ាណែត សូមវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង សម្រាប់រយៈពេល ៣ថ្ងៃ ដើម្បីអបអរសាទរសមិទ្ធផល ដែលសម្រេចបានកន្លងមក ព្រមទាំងរួមគ្នាបង្កើតសមិទ្ធផលថ្មី តាមរយៈការពិភាក្សាផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ល្អៗ, លើកគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការនានា, ព្រមទាំងជំរុញការអភិវឌ្ឍសេវាសាធារណៈឌីជីថលថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបឱ្យទាន់ពេលទៅនឹងកំណើននៃតម្រូវការថ្មីរបស់ប្រជាពលរដ្ឋកម្ពុជា និងអាស៊ាន ក្នុងដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ច និងសង្គមឌីជីថលពេញលេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើន នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវីល័យ ដែលពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាប័ន្ន, ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ ហើយដំណាលគ្នានេះក៏រក្សាឱ្យបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ៕