(តួគី)៖ ក្រសួងមហាផ្ទៃប្រទេសតួកគី បានធ្វើសេចក្តីប្រកាសហាម មិនឲ្យមានការរៀប អាពាហ៍ពិពាហ៍ ដែលធ្វើឡើងនៅ ខាងក្រៅទៀតឡើយ ក្នុងគោលបំណងធានាសុវត្ថិភាព បន្ទាប់់ពីកើតមានព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកមួយ ដោយពួក ISIS ដែលបានឆក់យកជិវិតមនុស្ស ប្រមាណ ៥៦នាក់ នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ នៅភាគខាងត្បូង ខេត្ត Gaziantep។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅវេលាព្រឹកថៃ្ងសៅរ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០១៦។
សារព័ត៌មានក្នុងស្រុកបានប្រាប់ឲ្យដឹងថា វិធានការសន្តិសុខសុវត្ថិភាពថ្មីនេះ គឺហាមមិនឲ្យមាន ពីធីរៀបការ ឬពិធីភ្ជាប់ពាក្យណា ដែលធ្វើឡើងនៅទីវាលឡើយ ទូទាំងផ្ទៃប្រទេសតួកគី។ ផ្ទុយទៅវិញបើអ្នកណានៅតែ មានបំណងចង់រៀបអាពាហ៍ពិពាហ៍នៅខាងក្រៅទៀត ត្រូវជូនដំណឹង ឲ្យអាជ្ញាធរបានជ្រាបជាមុន ដើម្បីធ្វើការប្រុងប្រយ័ត្ន ហើយជនណាដែលមិន គោរពតាមវិធានការថ្មីនេះ នឹងត្រូវទទួលការពិន័យក្រោមបទល្មើសមជ្ឈិម។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២០ ខែសីហាកន្លងទៅនេះ មានការបំផ្ទុះគ្រាប់បែក ដែលធ្វើឡើងនៅពីធីការមួយនៅខេត្ត Gaziantep ភាគខាងត្បូងប្រទេសតួកគី ដោយបានឆក់យក ជិវិតមនុស្សយ៉ាងហោចណាស់៥៦នាក់ ក្នុងនោះមានក្មេង៣៤នាក់ និងជិត ២០០នាក់ ផ្សេងទៀតរងរបួស៕