(ភ្នំពេញ)៖ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤នេះ កំណត់យកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ជាថ្ងៃចាប់ផ្ដើមបួសខែរ៉ម៉ាឌន។

ខ្លឹមសារមានដួចតទៅ ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា សូមជម្រាបជូនដំណឹងដល់បងប្អូនសាសនិកឥស្លាមបានជ្រាបថា ការចូលបួសរ៉ម៉ាឌន គឺចាប់ផ្ដើមនៅថ្ងៃអង្គារ ទី១២ មីនា ២០២៤ ត្រូវនឹងថ្ងៃទី១ ខែរ៉ម៉ាឌន ឆ្នាំ១៤៤៥ មូហាំម៉ាត់សករាជ នេះតទៅ។

សូមជម្រាបថា ការបួសរបស់សាសនិកឥស្លាមមានរយៈមួយខែ ឬអាចថាចាប់ពី២៩ថ្ងៃទៅ៣០ថ្ងៃអាស្រ័យលើច័ន្ទគតិ។

ការបួសនេះមិនត្រឹមតែតមអាហារប៉ុណ្ណោះទេ គឺតមរាល់អំពើបាបគ្រប់បែបយ៉ាងទាំងអស់ ហើយជាខែសម្រាប់បង្កើនការធ្វើបុណ្យឲ្យបានច្រើនៗតាមសមត្ថភាព និងលទ្ធភាព។

ការបួសនេះមិនមែនធ្វើបាបមនុស្សលោកនោះទេ ពោលគឺអ្នកមានសមត្ថភាពបួស ទើបឥស្លាមអនុញ្ញាត្តិឱ្យបួស ដូចជាករណីអ្នកមានជម្ងឺ ស្ត្រីមករដូវ អ្នកធ្វើដំណើរផ្លូវឆ្ងាយ កូនក្មេងជាដើម៕