(ភ្នំពេញ)៖ ការប្រឡងគណិតវិទ្យាកង់ហ្គូរ៉ូ (MATH KANGAROO COMPETIITON) គឺជាការប្រឡងប្រជែងលើមុខវិជ្ជាគណិតវិទ្យា ដ៏ធំសម្បើមតែមួយគត់នៅលើពិភពលោក និងមានការចូលរួមប្រកួតពីសំណាក់សិស្សានុសិស្សរាប់លាននាក់ មកពីជាង ៩០ប្រទេសនៅលើពិភពលោក ធ្វើការតេស្តប្រកួតសមត្ថភាពជារៀងរាល់ឆ្នាំ ក្នុងនោះដែរឆ្នាំ២០២៤នេះ សិស្សានុសិស្សនៅកម្ពុជាជាង ២០០០នាក់ ក្នុងចំណោមសិស្ស ៣៧៥០នាក់ ទទួលបានជោគជ័យលើការតេស្តសមត្ថភាពលំដាប់ពិភពលោកនេះ។

ការប្រឡងគណិតវិទ្យាកង់ហ្គូរ៉ូនេះ ជាការតេស្តសមត្ថភាពគណិតវិទ្យាស្តង់ដាជាសកល ប្រកួតប្រជែងគណិតវិទ្យាបែបទំនើប បង្កើនសមត្ថភាពការគិត គិតបែបស៉ីជម្រៅបណ្តុះគំនិតបែបតត្កវិទ្យា និងជំរុញបន្ថែមឆន្ទៈចំណូលចិត្តគណិតវិទ្យា ​ស្របតាមកម្មវិធីជំនាន់ថ្មីបែបវិទ្យាសាស្រ្ត។ គណិតវិទ្យាកង់ហ្គូរ៉ូ ផ្តល់ឪកាសដល់សិស្សានុសិស្សជុំវិញពិភពលោក និងសិស្សានុសិស្សកម្ពុជា បញ្ចេញសមត្ថភាពប្រកួតប្រជែង ដោះស្រាយបញ្ហាបង្កើនសមត្ថភាពខួរក្បាល និងជំរុញលើកស្ទួយការអប់រំផ្នែកវិទ្យាសាស្រ្ត។

ការប្រកួតប្រជែងលើវិញ្ញសារគណិតវិទ្យាកង់ហ្គូរ៉ូ ឆ្នាំ២០២៤នេះរៀបចំឡើងដោយ Association Kangourou Sans Frontieres (AKSF) និងទទួលសិទ្ធិសម្របសម្រួលដោយ Bright Consultant Education and Travel តែមួយគត់តំណាងឱ្យប្រទេសកម្ពុជា។

លើកឡើងនាឱកាសទទួលបានមេដាយមាស នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤នេះ សិស្ស ភក្តី​ ម៉ាដូណា​ មកសាលាវេស្ទើនសាខាចក្រអង្រែក្រោម បានឱ្យដឹងថា រូបគេពិតជាមានអារម្មណ៍សប្បាយរីករាយ ដែលរូបគេអាចធ្វើបានដល់ចំណុចមួយនេះ ហើយនឹងប្តេជ្ញាធ្វើឱ្យបានកាន់តែល្អថែមទៀតនៅឆ្នាំក្រោយៗទៀត។

សិស្សថ្នាក់ទី៣ ភក្តី​ ម៉ាដូណា បានឱ្យដឹងថា បានប្រឡងមួយនេះគឺមិនងាយស្រួលនោះទេ គឺពិបាកសម្រាប់រូបគេ តែយ៉ាងណានឹងខិតខំប្រឹងប្រែងបន្តទៅមុខទៀត ហើយនឹងបន្តចូលរួមប្រកួតប្រជែងនៅឆ្នាំក្រោយៗទៀត ព្រោះការប្រកួតប្រជែងគណិតវិទ្យាកង់ហ្គូរ៉ូនេះ ជាឱកាសល្អមួយសម្រាប់រូបគេ និងសិស្សានុសិស្សដ៏ទៃទៀតដើម្បីឱកាសអាចបញ្ចេញសមត្ថភាពរបស់ខ្លួន និងពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមផងដែរ។

លោកស្រី​ ស៊ុយ សីម៉ា ម្តាយសិស្សថ្នាក់ទី៣ ភក្តី​ ម៉ាដូណា បានលើកឡើងដែរថា ហេតុដែលគាត់សម្រេចឱ្យកូនបានចូលរួមប្រកួតប្រជែងកម្មវិធីនេះ ដោយមើលឃើញថា ប្រកួតប្រជែងគណិតវិទ្យា កង់ហ្គូរ៉ូ នេះ គឺជាការប្រកួតប្រជែងគណិតវិទ្យាលំដាប់ពិភពលោក និងមានការទទួលស្គាល់លំដាប់អន្តរជាតិ និងដើម្បីឱ្យកូនបានបញ្ចេញសមត្ថភាពតាមរយៈការប្រកួតប្រជែងមួយនេះ ជាពិសេសដើម្បីផ្តល់ភាពក្លាហានដល់កូនរបស់គាត់ផងដែរ។

លោកស្រី​ ស៊ុយ សីម៉ា បានបន្ថែមដែរថា ការប្រឡងគណិតវិទ្យាកង់ហ្គូរ៉ូនេះគឺពិតជាកម្មវិធីមួយដែលល្អ និងជួយឱ្យក្មេងៗមានភាពក្លាហាន និងអាចបញ្ចេញសមត្ថភាពបានទូលំទូលាយ ហើយក៏ជួយឱ្យក្មេងៗគាត់មានការខិតខំប្រឹងប្រែងរៀន ដើម្បីឱ្យខ្លួនទទួលបានជោគជ័យលើការប្រឡង ហើយសម្រាប់ក្មេងៗឥលូវនេះ ការរៀនសូត្ររបស់គាត់ គឺមានការឯករាជ្យខ្លួនគាត់។ លោកស្រី​ ក៏បានស្នើឱ្យមានការរៀបចំកម្មវិធីនេះជាបន្តបន្ទាប់ទៅទៀតដើម្បីឱ្យក្មេងអាចបានបញ្ចេញសមត្ថភាពរបស់ពួកគេផងដែរ។

បើតាមការបញ្ជាក់ពីកញ្ញា ជី ច័ន្ទលាភ អ្នកគ្រប់គ្រងទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម នៃក្រុមហ៊ុន Bright Education Consultant and Travel.Co,Ltd បានបញ្ជាក់ថា ការប្រឡងគណិតវិទ្យា កង់ហ្គូរ៉ូនេះ មានកូនសិស្សទូទាំងសកលលោក បានចូលរួមប្រឡងប្រជែងរាប់លាននាក់នៅលើពិភពលោក។ នេះក៏ជាលើកទី៤ហើយ ដែលមានការប្រឡងដូចនេះមាននៅក្នុងប្រទេសកម្ពុជា និងមានសិស្សចូលរួមប្រឡងប្រមាណជិត ៤០០០នាក់ ដែលរួមមានទាំងកូនសិស្សក្នុងរាជធានីភ្នំពេញ និងមកពីតាមបណ្តាខេត្តនានាផងដែរ ទាំងសាលារដ្ឋ និងឯកជនផងដែរ។

កញ្ញា ជី ច័ន្ទលាភ បានបន្ថែមថា តាមរយៈការប្រកួតប្រជែងមួយគណិតវិទ្យាកង់ហ្គូរ៉ូនេះ ឃើញថាកូនខ្មែរយើងពិតជាមានសមត្ថភាព មិនចាញ់បរទេសនោះទេ ដោយសារតែលំដាប់ពិន្ទុពេលគាត់ប្រឡងតេសត្តសមត្ថភាពនេះ គឺសឹងតែទទួលបានពិន្ទុពេញតែម្តង(សម្រាប់Top 10) ដូចនេះកូនខ្មែរយើងគឺពិតជាមានសមត្ថភាពអាចទៅប្រកួតជាមួយបរទេសបានផងដែរ។

បើតាមកញ្ញា ជី ច័ន្ទលាភ សម្រាប់កូនសិស្សដែលបានចូលរួមប្រឡងគណិតវិទ្យាកង់ហ្គូរ៉ូ (MATH KANGAROO COMPETIITON) ទាំង ៣៧៥០នាក់នេះ មានកូនសិស្ស ទទួលបានមេដាយ​មាស ៤៧៦នាក់ ទទួលបានមេដាយប្រាក់ ៧០៥នាក់ និងទទួលបានមេដាយសំរិទ្ធ ៩៥៥នាក់ និងមានកូនសិស្សផ្សេងៗ ទទួលបានរង្វាន់លើកទឹកចិត្តជាច្រើនទៀតផងដែរ៕