(តាកែវ)៖ លោក ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ជួសមុខឱ្យក្រុមគ្រួសារដែលជាសមាជិកអង្គការទំនុកចិត្តសហគមន៍ឥស្លាម ដើម្បីអភិវឌ្ឍនៅកម្ពុជា ហៅកាត់ថា (ត្រាស់) នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ បានជួបសំណេះសំណាលសួរសុខទុក្ខ និងចែកកញ្ចប់អាហារស្រាយបួសរ៉ាម៉ាឌន (ម៉ាស្វិតនូរ៉ូលអីម៉ាន) ដល់បងប្អូនខ្មែរឥស្លាមក្រីក្រចំនួន ២០០គ្រួសារ ស្ថិតនៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីណាក់លោក ញ៉ែម ស្រស់ អភិបាលរងខេត្តតំណាងតំណាងលោក អ៊ូច ភា អភិបាលខេត្តតាកែវ, ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា គណៈអ៉ីមាំខេត្ត, លោកអភិបាលក្រុងដូនកែវ លោកមេឃុំ លោកមេភូមិ ព្រមទាំងប្រជាពលរដ្ឋមួយចំនួនផងដែរ។
លោក ឡា ឡៃ បានថ្លែងថា រយៈពេលប៉ុន្មានឆ្នាំមកនេះ លោកបានផ្លាស់ប្ដូរការងារពីមេបញ្ជាការអាវុធហត្ថខេត្តតាកែវ ទៅជាបម្រើ ការងារជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តែបេះដូងរបស់លោកនៅតែក្បែរ នៅតែនឹករលឹកបងប្អូនក្នុងខេត្តតាកែវ រហូតមកមកដល់ពេលនេះរូបលោក ក៏ដូចក្រុមគ្រួសារដែលជាសមាជិកបានបង្កើតជាអង្គការមួយ ដើម្បីជួយការងារមនុស្សធ៌ម និងកិច្ចការងារក្នុងសង្គមផ្សេងៗដែលអង្គការនោះឈ្មោះ «អង្គការទំនុកចិត្តសហគមន៍ឥស្លាមដើម្បីអភិវឌ្ឍនៅកម្ពុជា» ហៅកាត់ថា «ត្រាស់» បានចាប់កំណើតឡើងនៅក្នុងសង្កាត់រការក្នុងក្រុងដូនកែវ ខេត្តតាកែវ។
មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្តថា អង្គការនេះបង្កើតឡើងក្នុងរូបភាពស្ម័គ្រចិត្ត ដែលមិនរកប្រាក់កំរៃនោះទេ ហើយមានគោលបំណងធំៗពីរគឺទី១៖ ចូលរួមអភិវឌ្ឍសហគមន៍ឥស្លាម និង២៖ ចូលរួមជាមួយរាជរដ្ឋាភិបាលដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។
លោក ឡា ឡៃ បានឱ្យដឹងថា អង្គការ «ត្រាស់» គឺកើតចេញឡើងពីក្រុមគ្រួសារដែលជាសមាជិក ដោយផ្តើមចេញពីការយកចិត្តទុកដាក់ដល់សហគមន៍ និងកិច្ចការងារសង្គមជាតិ និងមាតុភូមិដែលត្រូវរក្សាឱ្យបាននូវការអភិវឌ្ឍ និងសុខសន្តិភាពដែលមានតម្លៃដ៏ធំធេងមិនអាចកាត់ថ្លៃបាន។
ទន្ទឹមនឹងនេះដែរ លោក ឡា ឡៃ បានលើកឡើងថា នៅថ្ងៃនេះលោក និងក្រុមគ្រួសារ មានកិត្តិយសយ៉ាងក្រៃលែង ដោយបានពាំនាំនូវកញ្ចប់អាហារស្រាយបួសរបស់អង្គការ «ត្រាស់» សម្រាប់ចែកជូនទៅដល់បងប្អូនក្នុងសហគមន៍ក្នុងខែរ៉ាម៉ាឌន ដែលនឹងមកដល់ក្នុងពេលខាងមុខឆាប់ៗនេះ។ ខែបួសរ៉ាម៉ាឌ គឺជាខែដ៏ពិសិដ្ឋមួយសម្រាប់ដុះខាត់អំពើអាក្រក់ ដោយបង្កើតឱ្យមានភាពអំណត់តាមរយៈការតមអាហារ និងទឹកពេញមួយថ្ងៃក្នុងរយៈពេលខែ។ បួសរ៉ាម៉ាឌន ជាកាតព្វកិច្ចសម្រាប់បងប្អូនកាន់សាសនាឥស្លាមដែលគ្រប់អាយុទាំងអស់ត្រូវអនុវត្តន៍អោយបានខ្ជាប់ខ្ជួន។
លោកបានបញ្ជាក់ថា កញ្ចប់អាហារស្រាយបួស មិនមែនសម្រាប់បងប្អូនកាន់សាសនាឥស្លាមប៉ុណ្ណោះទ គឺសម្រាប់បងប្អូនជនរួមជាតិផ្សេងទៀតដែលមានការខ្វះខាត។ នេះមានន័យថា ការធ្វើអំពើល្អ គឺអាចធ្វើបានចំពោះមនុស្សគ្រប់រូបទាំងអស់ដែលមាននៅលើផែនដីយើងនេះ។
កញ្ចប់អាហារស្រាយបួសចំនួន២០០កញ្ចប់ គឺសម្រាប់២០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានមួយកញ្ចប់ ក្នុងនោះរួមមាន៖ អង្ករ ៥គីឡូក្រាម, ទឹកដោះគោ ១កុំប៉ុង, ទឹកសេរ៉ូ ១ដប, ត្រីខ ១យួ, ស្ករស ១គីឡូក្រាម, មី ៥កញ្ចប់, ទឹកត្រី ១ដប, ប្រេងឆា ១ដប, ទឹកបរិសុទ្ធ ១យួ
ទឹកប្រាក់ដែលចំណាយទៅលើកញ្ចប់ស្រាយបួសនេះគឺបានមកពីលោក និងក្រុមគ្រួសារជាសមាជិក ព្រមទាំងឧបត្ថម្ភដល់
ក្រុមការងារ ស.ស.យ.ក ស្រុក សម្ព័ន្ធយុវជនមូស្លីម និងប្រជាការពារភូមិ ១០ម៉ឺនក្នុងមួយក្រុមៗផងដែរ៕