(ភ្នំពេញ)៖ តមតាមការអញ្ជើញរបស់លោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ចូលរួមក្នុងវេទិការដ្ឋាភិបាលឌីជីថល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅភ្នំពេញ។

វេទិកានេះ នឹងផ្តល់ឱកាសសម្រាប់បណ្តារដ្ឋមន្ត្រី មេដឹកនាំឌីជីថល និងអ្នកចូលរួមផ្សេងទៀតមកពីប្រទេសសមាជិកអាស៊ាន និងមកពីជុំវិញពិភពលោកបានចែករំលែកចំណេះដឹង និងបទពិសោធន៍ ជាពិសេសក្នុងការត្រៀមខ្លួនសម្រាប់ អនាគតឌីជីថលមួយប្រកបដោយបរិយាប័្នន។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា អគ្គលេខាធិការអាស៊ាន គ្រោងជួបទ្វេភាគីជាមួយសមាជិកនៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួន ក្នុងនោះរួមមាន៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕