(កណ្តាល)៖ ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្ស​ ប្រជាជនកម្ពុជាឃុំខ្ពប មានរៀបចំពិធីសំណេះសំណាល និងប្រគល់ចង្ក្រានចំនួន ៣,១៧៩ ជូនដល់ប្រជាពលរដ្ឋទាំង ១០ភូមិ នៃឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ក្រោមអធិបតីភាព លោក ឡាវ វ៉ាន់ អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកស្អាង និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំខ្ពប, ថ្លែងក្នុងពិធីខាងលើ លោក ឡាវ វ៉ាន់ បានលើកឡើងថា ពាក្យ «សន្តិភាព» ជាពាក្យជាស្រួលនិយាយ ប្រសិនបើសំដៅដល់ បេសកកម្មស្វែងរកសន្តិភាព ជាពិសេសគឺការ រក្សានូវសន្តិភាព គឺពុំអាចកើតឡើង ដោយឯកឯងទេ បើគ្មានភាពហ្មត់ចត់ ភាពប្រាកដប្រជា និងភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ។

លោក ឡាវ វ៉ាន់ បានពាំនូវនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាជននៅទូទាំងឃុំខ្ពប។

ជាមួយគ្នានេះដែរ លោកក៏បានកោតសរសើរ និងថ្លែងអំណរគុណ ដល់អាជ្ញាធរនៅមូលដ្ឋានដែលបានខិតខំបំពេញកិច្ចការបម្រើប្រជាពលរដ្ឋ និងចូលរួមអនុវត្តកម្មវីធី គោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព បន្ថែមពីនេះទៀត លោក ក្នុងនាមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំខ្ពប បានថ្លែងអំណរគុណដល់លោក BAO JI អគ្គនាយកក្រុមហ៊ុនGuangzhou Iceberg Environmental Consulting Services Co., Ltd. និងលោក WANG KE ប្រធានក្រុមប្រឹក្សាភិបាល អង្គការមូលនិធិ PEACE LAND ដែលបានរួមចំណែកផ្តល់ជំនួយចង្ក្រាន បង្កើនថាមពលចំនួន ៣,១៧៩ចង្ក្រាន ជូនដល់ប្រជាជនរស់នៅឃុំខ្ពប ក៏ដូចជាចូលរួមលើកកម្ពស់ជីវភាពផងដែរ។

លោក ឡាវ វ៉ាន់ ក៏បានជម្រាបជូនផងដែរថា ចង្ក្រាន ចំនួន ៣,១៧៩ ដែលបានត្រៀម ចូលទៅកាន់ផ្ទះបាយរបស់ប្រជាជននៅទូទាំងឃុំខ្ពប មិនត្រឹមតែបាន ចូលរួមលើកសម្រស់ផ្ទះបាយ តែថែមទាំងបានចូលរួម លើកកម្ពស់សុខភាព តាមរយៈការបំភាយកាបូនតិច ដោយការកាត់បន្ថយការបំពុលដោយផ្សែង។

បន្ថែមពីលើនេះ លោក ក៏បានរំលេចពីការចូលរួម ចំណែករបស់ក្រុមហ៊ុន សហគ្រាស និងសង្គមស៊ីវិលចិន ក្នុងការចូលរួមបង្កើន ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា និងចូលរួមចំណែកថែរក្សា និងការពារបរិស្ថាន ដើម្បីអនុវត្តបាននូវគោលការណ៍ អភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ។

ក្រោយពីស្តាប់ប្រសាសន៍ណែនាំរបស់ លោក ឡាវ វ៉ាន់ ស្តីពីការចូលរួមថែរក្សាបរិស្ថានតាមរយៈការបំភាយកាបូនទាប លោក ស៊ុំ លេខ មេឃុំខ្ពបបានថ្លែង ដោយក្តីរីករាយនិងសាទរ ចំពោះទឹកចិត្តដ៏ប្រពៃរបស់លោក ឡាវ វ៉ាន់ និងក្រុមហ៊ុនចិន ដែលបានផ្ដល់ចង្ក្រានប្រកបដោយគុណតម្លៃ ក្នុងការចូលរួមអភិវឌ្ឍ ឃុំខ្ពបក្លាយជាឃុំគំរូ នៃកិច្ចសហប្រតិបត្តិការ មិត្តភាពកម្ពុជា-ចិន លើវិស័យការបំភាយកាបូនទាប។

លោកមេឃុំក៏បានគូសបញ្ជាក់ ពីការត្រៀមលក្ខណៈគ្រប់បែបយ៉ាង របស់ប្រជាជននៅក្នុងឃុំខ្ពបក្នុងកិច្ចសហការជាមួយបណ្តាអង្គពាក់ព័ន្ធនានា ដែលជាពិសេស តាមការចង្អុលបង្ហាញពីលោក ឡាវ វ៉ាន់ ក្នុងគោលដៅបម្រើ ដល់ផលប្រយោជន៍របស់ប្រជាជន និងការលើកកម្ពស់ កិច្ចអភិវឌ្ឍន៍សង្គមកិច្ចនិងសេដ្ឋកិច្ចនៅក្នុងឃុំខ្ពបទៀតផង ។

ក្នុងនាមប្រជាជន រស់ នៅទូទាំងឃុំខ្ពប លោក ស៊ុំ លេខ បានមានប្រសាសន៍ថា ជាងពេលណាៗទាំងអស់ ដែលប្រជាជនកម្ពុជា រស់នៅក្នុង សករាជតេជោទទួលបាននូវសុភមង្គល វិបុលភាពក្រោមម្លប់សុខសន្តិភាព ហើយកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ទាំងក្រុមការងារ រាជរដ្ឋាភិបាល ទាំងក្រុមការងារគណបក្ស ប្រជាជនកម្ពុជា សុទ្ធតែបានផ្តល់អាទិភាព ដល់ផលប្រយោជន៍ ជូនដល់ប្រជាជនកម្ពុជា និងរួមសុខ រួមទុក្ខជាមួយប្រជាជនកម្ពុជា នៅគ្រប់កាលទេសទាំងអស់៕