(កំពង់ស្ពឺ)៖ ក្រោយដោយមានការណែនាំពីសំណាក់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំលឹកអំពីការជួសជុលបណ្តាផ្លូវជាច្រើនស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ជាពិសេសចំណុចដែលពលរដ្ឋងាយរងគ្រោះដោយសារតែកត្តាផ្លូវ មន្ទីរសាធារណៈ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ បានចាប់ផ្តើមជួសជុលចំណុចផ្លូវជាតិលេខ៥១ ប្រសព្វនឹងផ្លូវរថភ្លើង (ផ្សារបាត់ដឹង) ហើយបានអ៊ុតបេតុងកៅស៊ូ AC រួចរាល់នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។

លោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤នេះថា៖ «ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានចុះអ៊ុតបេតុងកៅស៊ូ AC និងបំពាក់ផ្លាកសញ្ញាចរាចរណ៍ នៅចំណុចប្រសព្វរវាងផ្លូវជាតិលេខ៥១ និងផ្លូវរថភ្លើង ដែលកាលពីពេលថ្មីនេះខាងក្រុមហ៊ុនរថភ្លើងបានគាស់តម្លើងដែករ៉ៃ (ផ្លូវរថភ្លើង) ឱ្យខ្ពស់ផុតពីផ្លូវជាតិលេខ៥១ ហើយបានបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរ ពិសេសពេលយប់»។

ប្រធានមន្ទីរ បានបន្តថា កាលដើមឡើយនៅចំនុចនេះកាលពេលផ្លូវជាតិលេខ៥១ ទើបសាងសង់រួចគឺកំពស់ផ្លូវដែក (ដែករ៉ៃរថភ្លើង) និងផ្លូវជាតិលេខ៥១ មានកម្ពស់ស្មើគ្នាទើបពលរដ្ឋមិនសូវចាប់អារម្មណ៍ ហើយតែងតែបង្កគ្រោះថ្នាក់ជាញឹកញាប់ ទើបខាងមន្ទីរចុះកែសម្រួលឱ្យមានសណ្ឋានស្មើគ្នាងាយស្រួលធ្វើដំណើរឆ្លងកាត់។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ដោយសារតំបន់នេះទាបជាងគេ ពេលភ្លៀង ទឹកតែងលិចផ្លូវតំបន់នេះ ធ្វើឱ្យធ្លាក់ទូររថភ្លើងជាញឹកញាប់ ទើបក្រុមហ៊ុនរថភ្លើង បានជួសជុលលើកកម្ពស់ផ្លូវរថភ្លើង ដោយពុំបានជូនដំណឹងមកក្រសួង ឬមន្ទីរដើម្បីសហការឡើយ តែដោយហេតុផលគ្រោះថ្នាក់ញឹកញាប់ទើបត្រូវកែសម្រួលឡើងវិញ៕