(ហ្លួងប្រាបាង-ឡាវ)៖ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ មុនពេលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៣០ ចាប់ផ្តើមជាផ្លូវការ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ASEAN BAC) ដើម្បីពិភាក្សាអំពីអាទិភាពរបស់ ASEAN BAC ក្នុងឆ្នាំ២០២៤ និងស្វែងរកកិច្ចសហការដែលអាចធ្វើទៅបាន ដើម្បីគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់ឡាវនៅឆ្នាំនេះ។

កិច្ចពិគ្រោះយោបល់នេះ បានផ្លាស់ប្តូរទស្សនៈស្តីពីតម្រូវការក្នុងការពង្រឹងភាពជាដៃគូយ៉ាងសកម្មរវាងរដ្ឋ និងឯកជន នៅក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ច។

នៅព្រឹកថ្ងៃដដែលលោកបណ្ឌិត កៅ គឹមហួន បានចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៣០ ក្រោមការដឹកនាំរបស់លោក Malaithong Kommasith រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ។

កិច្ចប្រជុំបានបង្ហាញពីការគាំទ្រចំពោះមូលបទនៃការធ្វើជាប្រធានអាស៊ានរបស់ឡាវនៅឆ្នាំនេះ គឺ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់»។

កិច្ចប្រជុំក៏បានផ្លាស់ប្តូរទស្សនៈស្តីពីចក្ខុវិស័យសេដ្ឋកិច្ចថ្នាក់តំបន់ និងសកលលោក អាទិភាពសេដ្ឋកិច្ចសំខាន់ៗដែលអាចធ្វើទៅបាន សម្រាប់ការបង្កើតផែនការយុទ្ធសាស្ត្រសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលជាផ្នែកមួយដ៏សំខាន់នៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ រួមទាំង គំនិតផ្តួចផ្តើមសេដ្ឋកិច្ចធំៗ ដែលស្ថិតនៅក្រោមសហគមន៍សេដ្ឋកិច្ចអាស៊ាន ជាដើម។

បន្ថែមពីនេះលោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Gan Kim Yong រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការចំបាច់នានា ដើម្បីពង្រឹងគំនិតផ្តួចផ្តើមធំៗ នៅក្រោមសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមទាំង ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន និងការចរចាកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថល និងគំនិតផ្តួចផ្តើមមួយចំនួនផ្សេងទៀត។

នៅរសៀលថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញពិសាបាយថ្ងៃត្រង់ការងារជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន។ បណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ក៏បានពិភាក្សាអំពីបញ្ហាមួយចំនួន រួមទាំង ការចរចាការលើកកម្ពស់កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន និងផ្តល់នូវទិសដៅសម្រាប់អ្នកចរចាផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអគ្គលេខាធិការអាស៊ាន បានចូលរួមជាមួយលោក Malaithong Kommasith រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ ក្នុងសន្និសីទសារព័ត៌មាន ដើម្បីជម្រាបជូនប្រព័ន្ធផ្សព្វផ្សាយអំពីលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៣០។ 

សូមជម្រាបជូនថា នៅក្នុងកិច្ចប្រជុំចង្អៀតនេះ បណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន បានសំដែងនូវការគាំទ្រចំពោះការធ្វើជាប្រធានអាស៊ានរបស់ប្រទេសឡាវ នៅឆ្នាំនេះ ហើយបានផ្លាស់ប្តូរទស្សនៈលើស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ព្រមទាំងបានពិភាក្សាផងដែរអំពីវឌ្ឍនភាពនៃគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន នៅក្រោមសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងវិស័យដូចជា៖ បរិវត្តកម្មឌីជីថល និរន្តភាព និងភាពធន់នៃច្រវ៉ាក់ផ្គត់ផ្គង់ជាដើម។ កិច្ចប្រជុំនេះបានធ្វើឡើងនៅទីក្រុងហ្លួងប្រាបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕