(ឧត្តរមានជ័យ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាទឹកដីមួយ ដែលគេដឹងថា ជាកន្លែងកងកម្លាំងខ្មែរក្រហមផ្តាច់ខ្លួនចុងក្រោយគេ នៅឆ្នាំ១៩៩៨។
សូមបញ្ជាក់ការចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ បានចាប់ផ្តើមឡើងកាលពីថ្ងៃទី០១ ខែកញ្ញា ហើយត្រូវបញ្ចប់ទៅវិញនៅថ្ងៃទី២៩ ខែវិច្ឆិកា ដែលមានរយៈប្រមាណ៣ខែ។ គិតត្រឹមម៉ោង៦៖៣០នាទីល្ងាចថ្ងៃទី០២ ខែកញ្ញា ម្សិលមិញនេះ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតបានឲ្យដឹងថា មានប្រជាពលរដ្ឋជិត ៣០ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។
ការចុះឈ្មោះបោះឆ្នោតនេះ មានសារៈសំខាន់ណាស់ ប្រសិនបើប្រជាពលរដ្ឋមិនបានចុះឈ្មោះបោះឆ្នោតនាពេលនេះទេ ពួកគេមិនអាចទៅចូលរួមបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧ និងបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨បាននោះឡើយ៕