(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា មានសេចក្តីក្តុកក្តួលរន្ធត់ឥតឧបមា និងសោកស្តាយជាពន់ពេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា លោក ចាន់ វ៉ែន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងជាសមាជិករណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រូវជាឧត្តម ស្វាមីរបស់ លោកជំទាវ បានទទួលមរណភាពនៅថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង ៥២០ ព្រឹក ក្នុងជន្មាយុ ៨៨ ឆ្នាំ ដោយជរាពាធ ។

ក្នុងបរិយាកាសដ៏សែនសោកសៅ និងសោកស្តាយអាឡោះអាល័យជាពន់ពេកប្រមាណ សម្តេចសូមចូលរួមរំលែក ទុក្ខដ៏សែនក្រៀមក្រំនេះជាមួយ លោកជំទាវ ម៉ែន សារី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ឧត្តមស្វាមី ឪពុកបង្កើត ឪពុក ក្មេក ជីតា និងជីតាទួត ជាទីគោរពស្រលាញ់បំផុត ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ។ មរណភាព របស់ លោក ចាន់ វ៉ែន គឺជាការបាត់ឥស្សរជនមួយរូបដែលបានធ្វើពលិកម្មដ៏ធំធេង ក្នុងបុព្វហេតុជាតិមាតុភូមិនា ពេលកន្លងមក។ ពលិកម្មរបស់ឯកឧត្តមនៅក្នុងការរំដោះប្រទេសជាតិនិងការចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិ ក្រោយឆ្នាំ១៩៧៩ មកនោះ គឺជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយបន្តអនុវត្ត និងយកគំរូតាម។

សម្តេចបានលើកឡើងថា ទោះបីរូបកាយ របស់ លោក ចាន់ វ៉ែន បានបាត់បង់ទៅក៏ពិតមែន ប៉ុន្តែកិត្តិយស កិត្តិគុណធម៌ គុណ បំណាច់ចំពោះជាតិ សេចក្តីថ្លៃថ្នូរ ភាពអំណត់តស៊ូ នឹងស្ថិតស្ថេរគង់វង្ស ក្នុងដួងចិត្តកូនចៅ និងញាតិមិត្ត ប្រជាជាតិជិត ឆ្ងាយទាំងអស់គ្នាជានិច្ច គ្មានថ្ងៃបំភ្លេចបាន ។

ក្នុងវេលាប្រកបដោយក្តីក្តុកក្តួលរំជួលចិត្ត សោកសង្រេងស្ទើររកទីបំផុតគ្មាននេះ សម្តេចសូមចូលរួមរំលែកនូវមរណ ទុក្ខដោយក្ដីស្រណោះ និងអាឡោះអាល័យជាមួយ លោកជំទាវ ម៉ែន សារី និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ នៃសពដោយសេចក្តីសង្វេគជាទីបំផុត និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ លោក ចាន់ វ៉ែន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕