(ភ្នំពេញ)​៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្ដាយ ចំពោះមរណភាពរបស់ ឯកឧត្ដម ចាន់ វ៉ែន ត្រូវជាស្វាមី លោកជំទាវ ប៉ែន សារី ដែលបានទទួលមរណភាព នៅថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៥:២០នាទីព្រឹក ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ ឯកឧត្ដម ចាន់ វ៉ែន គឺជាការបាត់បង់ស្វាមី បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវឥស្សរជនតស៊ូមួយរូប ដែលបានខិតខំលះបង់កម្លាំងកាយ ចិត្ត បញ្ញាស្មារតី ដើម្បីបម្រើបុព្វហេតុជាតិ និងការកសាងអភិវឌ្ឍប្រទេស។

ស្ថិតក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្ដម ចាន់ វ៉ែន សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕