(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោក ជិន ប៊ុនធឿន ជាអភិបាលខណ្ឌឫស្សីកែវ ជំនួសលោក ឯក ឃុនដឿន ដែលត្រូវផ្ទេរភារកិច្ចជាអភិបាលរងរាជធានីភ្នំពេញ។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤។

មុនត្រូវបានតែងតាំងជាអភិបាលខណ្ឌឫស្សីកែវ លោក ជិន ប៊ុនធឿន មានតួនាទីជានាយករងរដ្ឋបាលរាជធានីភ្នំពេញ និងជានាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។

ដោយឡែក ពិធីប្រកាសចូលកាន់តំណែងនោះ បើមិនមានអ្វីប្រែប្រួលទេនឹងធ្វើឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ខាងមុខ ក្រោមអធិបតីភាព លោក ម៉ប សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕