(ភ្នំពេញ)៖ បន្ទាប់ពីបានទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍លើសកម្មភាពបោសសំអាតមីននៅកម្ពុជារយៈពេល ៥ថ្ងៃ គណៈប្រ តិភូមជ្ឈមណ្ឌលជាតិសកម្មភាព មីនប្រទេសតាហ្សីគីស្ថាន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពបោសសំអាតមីន របស់កម្ពុជា។
ការកោតសរសើរនេះ បានធ្វើឡើងក្នុងពេលដែលគណៈប្រតិភូនៃមជ្ឈមណ្ឌលជាតិ សកម្មភាពមីន ប្រទេសតាហ្សីគីស្ថាន ដឹកនាំដោយនាយកមជ្ឈមណ្ឌល លោក Muhabbat IBROHIMZODA ចូលជួបសំដែងការគួរសមជាមួយលោកទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីន នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦។
គណៈប្រតិភូបានវាយតម្លៃខ្ពស់ទៅលើដំណើការនៃការគ្រប់គ្រងវិស័យសកម្មភាពមីនរបស់កម្ពុជា ក៏ដូចជាភាពជឿនលឿននៃបច្ចេកទេស លើការបោសសម្អាតមីន។
ក្នុងជំនួបនេះ លោកទេសរដ្ឋមន្ត្រី សេរី កុសល បានរំលឹកឡើងវិញខ្លះៗពីប្រវត្តិសង្គ្រាមនៅកម្ពុជា ដែលបង្កឲ្យមានគ្រាប់មីនជាច្រើននៅក្នុងផ្ទៃដី និងធ្វើឲ្យប៉ះពាល់ខ្លាំងដល់ការរស់នៅ របស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា កម្ពុជាបានចាប់ផ្តើមធ្វើសកម្មភាពបោសសំអាតមីន នៅឆ្នាំ១៩៩២ និងសម្រេចបានសមិទ្ធផលជា ច្រើនលើវិស័យនេះដោយសារជំនួយសប្បុរស ពីសហគមន៍អន្តរជាតិ និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។
ផ្អែកតាមរបាយការណ៍វឌ្ឍនភាពបោសសម្អាតមីន គិតចាប់ពីឆ្នាំ១៩៩២ ដល់ខែមិថុនា ឆ្នាំ២០១៦ កម្ពុជា បានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម លើផ្ទៃដីជាង ១,៥០៤ គីឡូម៉ែត្រក្រឡា រកឃើញនិងកំទេចចោលមីនថ្មើរជើងប្រមាណ ១,០៣១,៣០៣គ្រាប់ មីនប្រឆាំងរថក្រោះជាង ២៤,២៤០គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមគ្រប់ប្រភេទជាង ២,៦៤១,១៥៦គ្រាប់។
ទោះបីមានកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលជាច្រើនត្រូវបានសម្រេច ក៏វិសាលភាពនៃបញ្ហាមីននៅកម្ពុជា នៅតែជាការលំបាកមួយដែលត្រូវជំនះ ក្នុងឆ្នាំខាងមុខ។ អាជ្ញាធរមីនបានបង្ហាញថា ផ្ទៃដីមានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅកម្ពុជា នៅសល់ប្រមាណ ១,៦៤០គីឡូម៉ែត្រក្រឡា ដែលកម្ពុជា ត្រូវធ្វើការបោសសំអាតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៥ និ ងត្រូវការថវិកាសម្រាប់ធ្វើការបោសសំអាតប្រមាណ ៣៦០ លានដុល្លារអាមេរិក។
សូមបញ្ជាក់ផងដែរថា ប្រទេសតាហ្សីគីស្ថាន ជាប្រទេសមួយដែលស្ថិតនៅផ្នែកអាស៊ីកណ្តាល ប្រកាន់យករបបសាធារណៈរដ្ឋដែលមានប្រធានាធិបតីជាប្រមុខ ទទួលបានឯករាជ្យពីការបំបែកខ្លួនពីអតីតសហភាពសូវៀតនៅឆ្នាំ១៩៩១ មានផ្ទៃដី ១៤៣.១០០គីឡូម៉ែត្រក្រឡា មានប្រជាជនប្រមាណ ៩លាននាក់។
ប្រទេសនេះមានព្រំប្រទល់ជាប់ Afghanistan, Uzbekistan, Kyrgyzstan និង ចិន។ តាមការស្រាវជ្រាវនៅឆ្នាំ២០១៤-២០១៥ ផ្ទៃដីដែលមានការសង្ស័យថាមានមីន មានទំហំប្រហែល ៥០គីឡូម៉ែត្រការ៉េ ហើយបច្ចុប្បន្ននៅសល់ប្រហែល ៧គីឡូម៉ែត្រការ៉េ ដែលត្រូវបោសសម្អាតឲ្យអស់ត្រឹមឆ្នាំ២០២០។ តាមរយៈទស្សនកិច្ចដកស្រង់បទពិសោធន៍ ៥ថ្ងៃលើសកម្មភាពកម្ចាត់មីននៅកម្ពុជា គណៈប្រតិ ភូមិមជ្ឈមណ្ឌលជាតិមីនប្រទេសនេះ បានអះអាងថា ពួកគេទទួលបានបទពិសោធន៍ច្រើន សម្រាប់ដោះស្រាយបញ្ហាមីន នៅក្នុងប្រទេស របស់ពួកគេ៕