(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ការតាំងពិព័រណ៌សៀវភៅដ៏សម្បូរបែប គឺជាយុទ្ធនាការមួយក្នុងការបំផុសសកម្មភាព និងការចូលរួមទស្សនាពីសំណាក់មហាជន ជាមួយបរិយាកាសរីករាយ និងជិតស្និទ្ធ ជាពិសេសបង្កើតថ្នាលទំនាក់ទំនងរវាងអ្នកអាន និងអ្នកនិពន្ធសៀវភៅ ដើម្បីចែករំលែកបទពិសោធន៍ការលើកទឹកចិត្ត និងការបណ្តុះទម្លាប់នៃការអាន និងតែងនិពន្ធសម្រាប់កសាងអនាគតសង្គមជាតិឱ្យភ្លឺថ្លា។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងយ៉ាងដូចនេះ នាេសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកកម្មវិធីពិព័រណ៌សៀវភៅ ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី៩ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និង សិស្ស-និស្សិត និងយុវជនជាច្រើនផងដែរ។

ពិព័រណ៌សៀវភៅឆ្នាំនេះ ធ្វើឡើងក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំការតាំងពិព័រណ៍សៀវភៅរហូតដល់ទៅ ១០៦ស្តង់ មកពី ៥៦ស្ថាប័ន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៩ រហូតដល់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែមថា «ពិធីបើកកម្មវិធីពិព័រណ៌សៀវភៅ ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី៩ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤» ដែលព្រឹត្តិការណ៍មួយនេះ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់វប្បធម៌នៃការអាន និងតែងនិពន្ធឱ្យកាន់តែផុសផុល ទូលំទូលាយ និងជ្រួតជ្រាបដល់ប្រជាជនគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានរំលឹកថា នៅឆ្នាំ២០១៦ ជាឆ្នាំទី១ នៃការប្រារព្ធទិវាជាតិអំណាន យើងមិនទាន់បានរៀបចំជាការប្រកួតប្រជែងបាននៅឡើយទេ គឺគ្រាន់តែមានការអានអត្ថបទ ការនិទានរឿង និងការស្មូតកំណាព្យជានិមិត្តរូបតែប៉ុណ្ណោះ។ ប៉ុន្តែចាប់ពីឆ្នាំ២០១៧មក យើងបានរៀបចំការប្រកួតប្រជែងថ្នាក់រាជធានី ខេត្ត និងកម្មវិធីជាច្រើនទៀត សម្រាប់កម្មវិធីទិវាជាតិអំណានថ្នាក់ជាតិដូចជា៖ បាឋកថារបស់ថ្នាក់ដឹកនាំ វេទិកាពិភាក្សាដោយវាគ្មិនសំខាន់ៗ ការពិព័រណ៍សៀវភៅ ការប្រកួតប្រជែងអានអត្ថបទ ការស្មូតកំណាព្យ ការតែងនិពន្ធរបស់សិស្សានុសិស្ស ដើម្បីទទួលពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងការប្រកួតប្រជែងបកស្រាយប្រធានបទអក្សរសិល្ប៍របស់មន្ត្រីអប់រំ និងសាធារណជនផងដែរ។

គួរបញ្ជាក់ដែរថា ក្រោមកិច្ចសហការយ៉ាងល្អជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំការតាំងពិព័ណ៍សៀវភៅប្រកបដោយជោគជ័យ និងមានការទទួលស្គាល់កាន់តែច្រើនពីមហាជនជាលំដាប់ដោយក្នុងនោះ៖

លើកទី១៖ នៅឆ្នាំ២០១៦ ការតាំងពិព័រណ៍សៀវភៅចំនួន១៨ស្តង់ មានអ្នកចូលរួមមើលនិងជាវសៀវភៅប្រមាណ១ ៧០០០នាក់។

លើកទី២៖ នៅឆ្នាំ២០១៧ ការតាំងពិព័ណ៍សៀវភៅចំនួន៣៣ស្តង់ ដោយមានការចាប់អារម្មណ៍កាន់តែខ្លាំងពីដៃគូអភិវឌ្ឍ និងមហាជន, មានអ្នកចូលរួមប្រមាណជាង ៣ម៉ឺននាក់។

លើកទី៣៖ នៅឆ្នាំ ២០១៨ ការតាំងពិព័រណ៍សៀវភៅចំនួន២៧ស្តង់ មានអ្នកចូលរួមប្រមាណជាង២ម៉ឺននាក់។

លើកទី៤៖ នៅឆ្នាំ២០១៩ ការតាំងពិព័រណ៍សៀវភៅចំនួន៦៧ស្តង់ មានអ្នកចូលរួមប្រមាណ ៦៧ម៉ឺននាក់ ដែលជាចំនួនលើសលុបហួសពីការរំពឹងទុក។

លើកទី៥៖ នៅឆ្នាំ២០២០ មានស្តង់ពិព័រណ៍សៀវភៅកើនឡើងរហូតដល់១០៤ស្តង់ មានអ្នកចូលរួមប្រមាណជាង ៣ម៉ឺននាក់។

លើកទី៦៖ នៅឆ្នាំ២០២១ ដោយកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលនៃកូវីដ-១៩ ថ្នាក់ដឹកនាំបានសម្រេចឱ្យរៀបចំការប្រារព្ធពិធីទិវាជាតិអំណានលើកទី៦នេះ តាមរយៈអនឡាញទាំងស្រុង។ ចំណែកការតាំងពិពរណ៍សៀវភៅ យើងបានប្តូរមកជា « សប្តាហ៍សៀវភៅ » វិញ មានរយៈពេល៦ថ្ងៃ ហើយមានចូលរួមយ៉ាងច្រើនរហូតដល់រាប់សែនគណនីចុះឈ្មោះចូលរួម។

លើកទី៧៖ ឆ្នាំ២០២២ ដោយស្ថានភាពកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង បានចាប់ផ្តើមរីករាលដាលសារជាថ្មី ក្រសួងក៏សម្រេចផ្អាកការរៀបចំការតាំងពិព័រណ៍សៀវភៅ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាល។

លើកទី៨៖ ឆ្នាំ២០២៣ ការតាំងពិព័រណ៍សៀវភៅចំនួន១១០ស្តង់ ដោយបើកទូលាយសម្រាប់មហាជនចូលរួមទស្សនា អាននិងជាវសៀវភៅបានដោយសេរីផងដែរ៕