(កំពង់ធំ)៖ លោក នាង ផាត និងលោកស្រី ឃួន ឃុនឌី ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាក្នុង​ឃុំត្រពាំងប្ញស្សី និងឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤។

លោកស្រី ឃួន ឃុនឌី សូមថ្លែងអំណរគុណសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាពីថ្នាក់ស្រុកថ្នាក់ឃុំថ្នាក់ភូមិដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព អស់ពីបេះដូងក្នុងការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យគណបក្សទទួលបានការគាំទ្រលើសលប់ ទាំងការបោះឆ្នោតឃុំសង្កាត់និងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៥ នាពេលកន្លងមកនេះ។

លោកស្រីបានបន្តទៀតថាពូមីងបងប្អូនគឺជាកម្លាំងដ៏មានសក្តានុពលភាព ព្រមទាំងមានឆន្ទៈមោះមុតនៅនិងជាកម្លាំងស្នូលដ៏រឹងមាំនៅថ្នាក់មូលដ្ឋាន ដែលមិនអាចកាត់ថ្លៃបានឡើយដែលជាក់ស្ដែងកន្លងមកថ្មីៗនេះ ក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាភូមិភាគ៨ យើងបានដាក់ផែនការត្រឹមតែ៥លើ៦អាសនៈ ប៉ុន្តែជាក់ស្ដែងយើងទទួលបាន ៦ លើ ៦ អាសនៈ នេះគឺជាមោទនភាពក្រៃលែងសម្រាប់លោកស្រី ក៏ដូចជាក្រុមការងារទាំងអស់ដែលបានលះបង់និងគាំទ្រទាំងកម្លាំងកាយ និងកម្លាំងចិត្ត ព្រមទាំងទទួលបាននូវការកោតសរសើរស្ងប់ស្ញែងខ្ពស់ពីថ្នាក់ដឹកនាំកំពូលៗខាងលើ ដែលនេះគឺជាកម្លាំងចិត្តសម្រាប់យើងទាំងអស់ គ្នាក្នុងការខិតខំបន្តទៅមុខទៀតក្នុងការរួមរស់និងការពារនូវសុខសន្តិភាព ស្ថេរភាពនយោបាយព្រមទាំងគាំទ្រសម្ដេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តទៅមុខទៀត។

លោក នាង ផាត បានលើកឡើងថា ប្រទេសមានសន្តិភាពគឺមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចនេះហើយការការពារសន្តិភាពគឺជាចំណុចអត្ថិភាពមុនគេបង្អស់ ដែលត្រូវតែប្ដេជ្ញាការពារជាដាច់ខាត ក្នុងតម្លៃណាក៏ដោយ។ ជាក់ស្ដែងកន្លងមកថ្មីៗនេះគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីបងប្អូនប្រជាពលរដ្ឋ មានន័យថាពួកគាត់ស្រឡាញ់គណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺស្រឡាញ់សុខសន្តិភាព ដែលយើងតែងនិយាយថា «អរគុណសន្តិភាព»។

ជាចុងក្រោយលោកសង្ឃឹមយ៉ាងមុតមាំថា សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ និងខិតខំធ្វើការ និងបម្រើដល់បងប្អូនប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន បន្តទៅមុខទៀតនឹងប្តេជ្ញារួមរស់ រួមសុខរួមទុក្ខជាមួយគ្នា។ដើម្បីថែរក្សានៅតម្លៃសន្តិភាព ហើយត្រូវចងចាំថាគណបក្សប្រជាជនកម្ពុជាកើតចេញពីប្រជាជន ដើម្បីប្រជាជន បម្រើប្រជាជន និងមិនរត់ចោលប្រជាជនជាដាច់ខាត៕