(ព្រះវិហារ)៖ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ លោក អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក្រោមការចាត់តាំងដោយផ្ទាល់ពីលោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានដឹកនាំក្រុមអធិការកិច្ចពិសេសដែលមាន លោក ទឹម ស៊ីផា អនុរដ្ឋលេខាធិការ, លោកបណ្ឌិត ធិន វុត្ថា នាយករងខុទ្ទកាល័យ និងលោក ប៊ុន ច័ន្ទកុម្ភៈ អធិការចុះអធិការកិច្ច ដើម្បីពិនិត្យ និងស្រាវជ្រាវស្វែងរកការពិតក្នុងសំណុំរឿងជម្លោះដីធ្លីនៅខេត្តព្រះវិហារ ដែលក្នុងជម្លោះដីធ្លីនេះ ឈានទៅដល់មានការឃាត់ខ្លួនប្រជាពលរដ្ឋទៀតផង។

ជាលទ្ធផល​ នៃការចុះធ្វើអធិការកិច្ចក្នុងសំណុំរឿងនេះ ក្រុមការងារអធិការកិច្ចពិសេស បានទទួលលទ្ធផលជាទីគាប់ប្រសើរ ដោយបានដោះស្រាយបញ្ចប់នូវវិវាទបានយ៉ាងឆាប់រហ័ស និងមានការសាទរយ៉ាងកក់ក្តៅ និងពេញចិត្តពីប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ចំពោះករណីជម្លោះដីធ្លីនៅខេត្តព្រះវិហារនេះ ក្រុមការងារអធិការកិច្ចដែលដឹកនាំដោយលោក អ៊ូ រ៉ាស៊ី ធ្លាប់បានចុះធ្វើអធិការកិច្ច និងបានសម្របសម្រួលដោយជោគជ័យជូនប្រជាពលរដ្ឋទាំង១៣គ្រួសារនេះ ម្តងរួចមកហើយ ក្នុងសំណុំរឿងផ្សេងមួយទៀត ដែលត្រូវបានដោះស្រាយបញ្ចប់នៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ៕