(កោះកុង)៖ លោក ដូង វណ្ណា អធិការនគរបាលស្រុកស្រែអំបិល ខេត្តកោះកុង នៅយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក ចុះត្រួតពិនិត្យជាតិអាកុល គ្រឿងញៀន និងឆែកអាវុធជាតិផ្ទុះ។

លោក ដូង វណ្ណា បានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីមហាផ្ទៃ, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ដើម្បីឲ្យភូមិឃុំមានសុវត្ថិភាព, លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការត្រួតពិនិត្យជាតិអាកុល សារធាតុគ្រឿងញៀន និងអាវុធជាតិផ្ទុះនៅតាមគោលដៅ នីមួយៗដែលកម្លាំងឈរជើង។

លោក ដូង វណ្ណា បានបន្តថា ក្រោយពីមានបទបញ្ជាពីថ្នាក់ដឹកនាំ, កម្លាំងរបស់លោក បានចេញល្បាតរាល់យប់ដោយមិនមានការខកខានឡើយនៅគ្រប់មូលដ្ឋានដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ។

លោកអធិការ បានបន្តទៀតថា រយៈពេលការចុះត្រួតពិនិត្យជាតិអាកុល សារធាតុញៀន និងអាវុធជាតិផ្ទុះជិត២ខែមកនេះ កម្លាំងមិនបានរកឃើញសារធាតុញៀន និងអាវុធជាតិផ្ទុះទេ។ ការចុះត្រួតពិនិត្យពេលយប់ កម្លាំងបានរកឃើញតែអ្នកបើកបរមិនពាក់មួកសុវត្ថិភាព និងម៉ូតូមិនគ្រប់លក្ខណៈ។

ដោយឡែកជាតិអាកុលវិញ ក៏មិនសូវមានដែរ ពីព្រោះបងប្អូនយល់ដឹងច្រើន ក្រោយពីកម្លាំងរដ្ឋបាលប៉ុស្តិ៍ បានផ្សព្វផ្សាយ និងពន្យល់ដល់ពួកគាត់តាមមូលដ្ឋាន៕