(សៀមរាប)៖ សាសនិកឥស្លាមខេត្តសៀមរាប នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ បានរៀបចំធ្វើពិធីស្រហាន់អាហ្គាម៉ា ដើម្បីអបអរទទួលស្វាគមន៍ការមកដល់ខែរ៉ាម៉ាដន (ខែបួសរបស់ខ្មែរឥស្លាម) មានការឡើងសូត្រព្រះគម្ពី រអាល់គូរអាន និងមានសម្តែងចំរៀង (ខស៊ីដាស់ឥស្លាម) ជាក្រុមៗរបស់ប្អូនៗសិស្សានុសិស្ស។ ពិធីនេះបានធ្វើឡើងនៅវិហារឥស្លាមអាន់នៀកម៉ាស់ ដែលស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ពិធីនេះដែរ ក៏មានការអញ្ជើញជាអធិបតីពីសំណាក់លោក អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងជាអនុប្រធានសាសនាឥស្លាមខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ប្រធានគណៈអ៉ីមាំខេត្ត លោកស្រីអភិបាលរង ក្រុងសៀមរាប លោកប្រធានការិយាល័យអប់រំក្រុង សមាជិកក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាសង្កាត់ស្វាយដង្គំ បងប្អូនខ្មែរឥស្លាម និងសិស្សានុសិស្សជាច្រើនចូលរួមផងដែរ។
លោក អែល សៀត បានលើកឡើងថា ការធ្វើពិធីអបអរសាទរស្រហាន់អាហ្គាម៉ា និងទទួលស្វាគមន៍ការមកដល់ខែរ៉ម៉ាឌន (ខែបួសរបស់បងប្អូនខ្មែរឥស្លាម) គឺអាចមកដល់នៅថ្ងៃទី១០ ឬទី១១ ខែមីនាខាងមុខនេះ សម្រាប់អ្នកកាន់សាសនាឥស្លាម។
លោកបានបន្តថា ខែរ៉ាម៉ាឌន ជាខែដ៏ពិសិដ្ឋរបស់ឥស្លាមគ្រប់ទិសទីនៅលើសកលលោក ដែលកាន់សាសនាឥស្លាមគ្រប់រូបឲ្យអនុវត្តន៍ទាំងចាស់ទាំងក្មេង ប្រុសស្រី សូម្បីតែកុមារក៏ត្រូវរៀនបួស តាមលទ្ធភាពរបស់ខ្លួនផងដែរ។
លោក អែល សៀត បានបន្តថា ដើម្បីឱ្យបួសបានពេញលេញ អ្នកបួសត្រូវតមពីការនិយាយស្តីអាក្រក់ និងតមការធ្វើអំពើមិនគប្បី តាមការធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ ពិសេសគឺដាក់ខ្លួនឱ្យស្មើភាព ដោយចៀសវាងពីភាព រើសអើង ឬច្រណែនឈ្នានីស ចំពោះសមាជិកក្នុងសហគមន៍ខ្លួន ដើម្បីបង្កើតបាននូវបរិយាកាសសហការគ្នា និងជំរុញឱ្យប្រព្រឹត្តអំពើល្អ និងទប់ស្កាត់មិនឱ្យធ្វើអំពើអាក្រក់។ ចំពោះការបួស មិនមែនតែការតមអាហារប៉ុណ្ណោះឡើយ តែត្រូវតមទាំងអស់នូវរាល់កាយវិការមិនសមរម្យ ដូចជាការបៀតបៀន រំលោភសិទ្ឋិអ្នកដទៃ ការកេងប្រវ័ញ្ញ និងអំពើអសីលធម៌ផ្សេងៗផងដែរ។
លោក អែល សៀត បានបន្ថែមថា សមិទ្ធផលនៃសុខសន្តិភាព ដោយសារគោលនយោបាយសុខដុមបនីយកម្ម របស់រាជរដ្ឋាភិបាល សហគមន៍ឥស្លាម មានភាពកក់ក្ដៅ និងរីកចម្រើនជាបន្តបន្ទាប់តាមគោលនយោបាយឈ្នះឈ្នះ និងភាពជោគជ័យដ៏ត្រចះត្រចង់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកម្ពុជាទទួលបានដោយសារគុណបំណាច់ធំធេង មិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ខណៈកម្ពុជាក៏មានអ្នកកាន់សាសនាឥស្លាម បាននឹងកំពុងរួមរស់រួមសុខរួមទុក្ខ ក្រោមដំបូលសន្តិភាពតែមួយ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ។
លោកបានបញ្ជាក់ថា មិនតែប៉ុណ្ណោះសាសនិកឥស្លាមនៅកម្ពុជា ក៏ទទួលបាននូវគោលនយោបាយល្អៗ ដើម្បីបំពេញរាល់តម្រូវការចាំបាច់ របស់សហគមន៍ខ្មែរឥស្លាម ជាពិសេសការបើកសិទ្ធិទូលំទូលាយឱ្យទទួលយក ការប្រតិបត្តិតាមជំនឿសាសនារបស់ខ្លួន ទំនៀមទម្លាប់ ប្រពៃណី និងការអនុញ្ញាតឱ្យទទួលបានការងារក្នុងជួររដ្ឋាភិបាល ក៏ដូចជារដ្ឋសភា ព្រឹទ្ធសភា និងតាមអង្គភាព ក្រសួង មន្ទីរនានាផងដែរ៕