(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជាអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាពអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»។
ពិធីនេះមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង និងលោកស្រី-នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថនារី ចំនួន១០៥នាក់ ក្នុងនោះអាវុធហត្ថនារី១៩នាក់ និងភរិយាអាវុធហត្ថចំនួន៧នាក់ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ ជាន់ទី២ អគារសេនាធិការធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជូនពរដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ពិសេសកងរាជអាវុធហត្ថជានារី សូមទទួលបាននូវសុខភាពល្អ ប្រកបតែនឹងសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គលគ្រប់ក្រុមគ្រួសារ។
លោកមេបញ្ជាការ បានលើកឡើងពីភាពអង់អាចក្លាហានរបស់អាវុធហត្ថនារី ដែលកន្លងមកបានខិតខំយ៉ាងសស្រាក់សស្រាំ តស៊ូការពារជាតិមាតុភូមិ ក្នុងបុព្វហេតុការពារប្រទេសជាតិ រហូតទទួលបាននូវសុខសន្តិភាព។ ជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩ អាវុធហត្ថនារី បានចូលរួមចំណែកយ៉ាងសកម្មដោយមិនខ្លាចនឿយហត់ ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩ នាពេលកន្លងមករហូតទទួលបានជោគជ័យ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចរបស់ស្រ្ដី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្រ្ដី គឺជាស្នូលផងដែរ៕