(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានជំរុញថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ ក្រុមការងារគណបក្សគ្រប់ថ្នាក់ត្រូវត្រៀមអនុវត្តភារកិច្ចមួយចំនួនបន្តទៀត ដើម្បីគណបក្សខេត្តស្វាយរៀង សម្រេចឱ្យបានតាមផែនការកំណត់របស់គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខ។
ការថ្លែងបែបនេះរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤។
នៅក្នុងឱកាសនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងអំណរគុណ និងថ្លែងនូវការកោតសសើរចំពោះគណបក្សខេត្ត រដ្ឋបាលខេត្ត ក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ដែលបានចូលរួម ចំណែកដល់កិច្ចអភិវឌ្ឍខេត្តស្វាយរៀង ឱ្យមានរីកចម្រើនគួរឱ្យកត់សម្គាល់ និងទទួលបានលទ្ធផលគួរជាទីមោទនៈ។ ជាពិសេសគណបក្សប្រជាជាជនកម្ពុជា បានទទួលបានការគាំទ្រ និងទទួលបានជោគជ័យក្នុងការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ សម្រាប់ភូមិភាគ៦៕