(ភ្នំពេញ)៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់អតីតមិត្តប្រុសកញ្ញា វ៉ាន់ នីឡា តារាចម្រៀងប្រចាំផលិតកម្ម Pleng Record ចំនួនពីរបទល្មើស ។ មន្ត្រីតុលាការថ្លែងថា បច្ចុប្បន្នសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ក្រោមរូបភាពជនត្រូវចោទនៅក្រៅឃុំ ។
លោក ខាំ សុផារី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ដែលកាន់សំណុំរឿងនេះ ពុំអាចសុំការបញ្ជាក់បានទេ កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ ដោយសារទូរស័ព្ទមិនអាចទំនាក់ទំនងបាន។ ប៉ុន្តែប្រភពព័ត៌មានពីមន្ត្រីតុលាការ បញ្ជាក់ថា តុលាការសម្រេចចោទប្រកាន់ឈ្មោះ សិទ្ធិ ស័កិ្ត អាយុ២៦ឆ្នាំ មានតួនាទីជាប៉ូលិសស័ក្ដិបួនកន្លះ និងត្រូវជាកូនមន្រ្តីប៉ូលិសពាក់ផ្កាយ៣ ដ៏មានអំណាចមួយរូប បម្រើការងារក្នុងក្រសួងមហាផ្ទៃ ក្រោមការចោទប្រកាន់ពីបទ «បង្ហោះរូបភាពអាសអាភាសនិងអំពើហិង្សាដោយចេតនា»។
គួរបញ្ជាក់ថា រូបភាពអាក្រាតកាយជាច្រើនសន្លឹក របស់តារាចម្រៀង ប្រចាំក្នុងផលិតកម្ម Plang Records កញ្ញា វ៉ាន់ នីឡា ត្រូវបានបង្ហោះតាមបណ្ដាញសង្គម Facebook ខណៈដែលរូបអាក្រាតទាំងនោះ ត្រូវបាននាងថតក្នុងបន្ទប់ទឹក និងនៅលើគ្រែគេង។ ជាការឆ្លើយតបចំពោះអំពើអសីលធម៌នេះ កញ្ញា វ៉ាន់ នីឡា បានដាក់ពាក្យបណ្ដឹងចូលក្រសួងមហាផ្ទៃ ប្តឹងអតីតមិត្តប្រុសឈ្មោះ សិទ្ធិ ស័ក្តិ ដើម្បីទាមទារយុត្តិធម៌ ។
ក្រោយការស្រាវជ្រាវ សមត្ថកិច្ចបានបញ្ជូនសំណុំរឿងនេះ មកអយ្យការអមសាលាដំបូង រាជធានីភ្នំពេញដើម្បីចាត់ការបន្ត។ បន្ទាប់ពីដើមបណ្ដឹង គឺ កញ្ញា វ៉ាន់ នីឡា បានចូលបំភ្លឺ រីឯ ជនសង្ស័យមិនព្រមចូលបំភ្លឺរួចហើយ តុលាការក៏សម្រេចចោទប្រកាន់ឈ្មោះ សិទ្ធិ ស័ក្តិ តែម្តង ៕