(តាកែវ)៖ ដើម្បីចូលរួមលើកម្ពស់វិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែមានការរីកចម្រើន ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកស្រី ឆាយ សាលីន តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដង្ហែបុណ្យផ្កាប្រាក់សាមគ្គី វេរប្រគេនព្រះសង្ឃគង់នៅវត្តសោមុនីវ័ន្ត ហៅវត្តត្រពាំងបឹង ឋិតក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤។

ក្នុងឱកាសនោះលោក ឃឹង សារ៉ាត់ ក៏បានរំឭកអំពីដំណើរឆ្លងកាត់របស់កម្ពុជា ក្នុងរយៈពេល ៤៥ឆ្នាំកន្លងមកនេះ ដែលផ្តើមចេញពីជ័យជម្នះ ៧ មករា រហូតប្រទេសកម្ពុជា បាននិងកំពុងបោះជំហានទៅមុខឥតឈប់ឈរតាម ទិសដៅត្រឹមត្រូវដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជនគ្រប់រូប។ ៤៥ ឆ្នាំកន្លងទៅនេះ គឺជា៤៥ឆ្នាំនៃសាមគ្គីភាព, វីរភាព និងជា៤៥ឆ្នាំ នៃជ័យជម្នះរបស់ប្រជាជនកម្ពុជា។ ថ្ងៃ៧ មករា ជាចំណុចសូន្យនៃការចាប់ផ្តើមកសាងឡើងវិញ នូវរាល់សមិទ្ធផលគ្រប់បែប យ៉ាងរបស់ប្រជាជន និងសង្គមកម្ពុជា រួមទាំងអាយុជីវិត, សិទ្ធិសេរីភាព, ប្រពៃណីទំនៀមទម្លាប់, ជំនឿ, សាសនា, លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍលើគ្រប់វិស័យ ដូចសព្វថ្ងៃនេះ។

កម្ពុជាដែលពីមុនត្រូវបានហែកហួរដោយសង្គ្រាម និងធ្លាប់តែល្បីជាវាលពិឃាដ ជាតំបន់អសន្តិសុខដែលគេភ័យ ខ្លាចគ្រប់គ្នា ឥឡូវបានក្លាយជារដ្ឋអធិបតេយ្យ និងឯករាជ្យ ដែលមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ រួមទាំងវិស័យពុទ្ធចក្រផងដែរ កម្ពុជាជាប្រទេសនីតិរដ្ឋ ដែលមានស្ថិរភាពនយោបាយនឹងន ដើរស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ គ្រងជាម្លប់ដ៏ត្រជាក់។

កម្ពុជាដែលពីមុនធ្លាប់ ត្រូវបានដាក់ឱ្យឯកោទាំងនយោបាយ និងសេដ្ឋកិច្ច ឥឡូវបានធ្វើ សមាហរណកម្មពេញលេញ ទៅក្នុងរចនាសម្ព័ន្ធនិម្មាបនកម្មតំបន់ និងសកល ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាសណ្តាប់ធ្នាប់ និងសន្តិភាព នៅក្នុងសកលលោក ក្រោមឆត្រអង្គការសហប្រជាជាតិ ។

លោកក៏បានគូសបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាល អាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីបន្តពង្រឹងសមិទ្ធផលផ្សេងៗ និងកសាងប្រទេសឱ្យកាន់តែរីកចម្រើន ក្នុងនោះការ ចូលរួមរបស់កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ព្រមទាំងព្រះសង្ឃ និងប្រជាពលរដ្ឋ គ្រប់ស្រទាប់ទាំងអស់ របស់ជាតិ គឺជាកត្តាចាំបាច់បំផុត ដើម្បីថែរក្សាបរិស្ថានសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីផ្តល់ ភាពកក់ក្តៅ និងឱកាសនៃការអភិវឌ្ឍជូនប្រជាពលរដ្ឋ។

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកស្រី ឆាយ សាលីន តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បាននាំយក បច្ច័យអង្គផ្កាប្រាក់ចំនួន២០លានរៀល ស៊ីម៉ង់១០០តោន និងគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ វេរប្រគេនដល់ព្រះសង្ឃវត្តត្រពាំងបឹង ដើម្បីរួមចំណែកកសាងព្រះវិហារ និងសមិទ្ធផលនានា នៅក្នុងទីអារាម ដើម្បីទុកជាឧត្តមប្រយោជន៍ដល់ពុទ្ធបរិស័ទ ដើម្បីគោរពបូជាតទៅថ្ងៃអនាគត៕