(កណ្តាល)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយស្រុកកោះធំ បាន ក្រើនរំលឹក និងជំរុញឲ្យប្រជាពលរដ្ឋ ក្នុងស្រុកកោះធំទាំងអស់ ទៅចុះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីមានសិទ្ធិ បោះចូលរួមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ក៏ដូចជាការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។

ការថ្លែងជំរុញនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងពេលដែលលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញចុះ បើកការដ្ឋានសង់ស្ពាន និងផ្លូវ នៅក្នុងឃុំពោធិ៍បាន និង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានរំលឹកប្រជាពលរដ្ឋថា ប្រសិនបើពួកគេមិនទៅចុះឈ្មោះបោះឆ្នោតទេ នឹងមិនមានសិទ្ធិចូលរួមបោះឆ្នោតនៅក្រុម ប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ និងបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨នោះឡើយ។ លោកទេសរដ្ឋមន្រ្តី ក៏បានជំរុញឲ្យប្រជាពលរដ្ឋបោះឆ្នោតជូនមេដឹកនាំ ដែលពួកគេស្រឡាញ់ ពេញចិត្ត។ ជាពិសេសមេដឹកនាំ ដែលយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជា ពលរដ្ឋ និងប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាតាមមូលដ្ឋានផងដែរ។

លោកទេសរដ្ឋមន្រ្តី ថ្លែងដូច្នេះ «ការជ្រើសរើសមេដឹកនាំទាំងតាមមូលដ្ឋាន និងថ្នាក់ជាតិ គឺជារឿងសំខាន់ណាស់។ ដូច្នេះបងប្អូនត្រូវគិត គូរពិចារណាឲ្យបានខ្ពស់បំផុត យើងត្រូវមើលថា តើមេដឹកនាំណា ដែលបានយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ជាពិសេស ប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យបានរីកចម្រើន ក៏ដូចជាអភិវឌ្ឍន៍នៅតាមភូមិឃុំរបស់បងប្អូន»

ក្រៅពីការក្រើនរំលឹកប្រជាពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោតហើយនោះ លោកទេសរដ្ឋមន្រ្តី ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋានជួយផ្សព្វ ផ្សាយបន្តទៅដល់ប្រជាពលរដ្ឋឲ្យ ទៅចុះឈ្មោះបោះឆ្នោត ហើយត្រូវយកចិត្តទុកដាក់ធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ផងដែរ ព្រោះវាជាឯកសារដ៏សំខាន់ ដើម្បីជួយឲ្យប្រជាពលរដ្ឋអាចចុះឈ្មោះបោះឆ្នោតបាន។

លោក ស៊ុន ចាន់ថុល ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ឲ្យបានខ្ពស់ទៅលើការរស់នៅ របស់ប្រជាពលរដ្ឋ ហើយត្រូវដោះស្រាយឲ្យបានទាន់ពេល វេលានូវបញ្ហារបស់ប្រជាពលរដ្ឋ៕