(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ស្រ្តីមានពិការភាព បានប្រឈមមុខនឹងទុក្ខលំបាកជាច្រើន ប៉ុន្តែ បងប្អូនមានភាពក្លាហាន ការតស៊ូ និងការតាំងចិត្តខ្ពស់ ដែលនេះជាសក្ខីភាពសម្រាប់ស្ត្រីគ្រប់រូបនៅគ្រប់ទីកន្លែង ធ្វើជាគំរូ និងរៀនសូត្រតាម ដើម្បីផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមាននានា មកលើស្ត្រីមានពិការភាព។
ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រីបានធ្វើឡើងក្នុងឱកាសលោកបានជួបសំណេះសំណាលក្នុងពិធីពិសារអាហារសាមគ្គីជាមួយស្តីមានពិការភាពក្អក និងកាយសម្បទា ក្នុងឱកាសអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមមូលបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយសមាគមតន្ត្រីសំនៀងជនពិការ។
លោករដ្ឋមន្ត្រី បានបន្តថា ជាបទពិសោធន៍ការយល់ដឹង និងទស្សនៈ របស់បងប្អូន គឺមានតម្លៃមិនអាចកាត់ថ្លៃបានដែលយើងទាំងអស់គ្នាត្រូវបង្កើតបរិយាកាសរួមមួយប្រកបដោយបរិយាប័ន្ន ដែលសម្លេងរបស់បងប្អូនត្រូវបានឮ និងទេពកោសល្យរបស់បងប្អូនត្រូវបានអបអរសាទរ និងទទួលស្គាល់។
ជាមួយគ្នានេះ លោកសូមពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់បងប្អូនស្ត្រីមានពិការភាពទាំងអស់ផងដែរ។
លោករដ្ឋមន្ត្រីសូមអរគុណ លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ និងលោក ចាប តូ អនុរដ្ឋលេខាធិការ និងជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ ដែលបានផ្តួចផ្តើមរៀបចំកម្មវិធីនេះឡើង ដើម្បីលើកទឹកចិត្តដល់ស្ត្រីមានពិការភាពភ្នែក និងកាយសម្បទា និងបានរាយការណ៍អំពីកិច្ចប្រឹងប្រែងក្នុងការជួយលើកកម្ពស់សមភាពយេនឌ័រ នៅក្នុងសមាគម ប្រកបដោយភាពជោគជ័យក្នុងឆ្នាំកន្លងទៅនេះ។
បន្ថែមពីនេះលោកក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅដល់បងប្អូន ស្រ្តីមានពិការភាព និងក្រុមគ្រួសាររបស់គាត់។ ដោយឡែកក៏សូមកោតសរសើរយ៉ាងក្រៃលែងដល់ស្ត្រីមានពិការភាព ដែលបានខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ចឹមជីវិត និងកសាងគ្រួសារ ដែលបង្ហាញពីភាពធន់ និងភាពរឹងមាំរបស់ខ្លួនចូលរួមសកម្មភាពនានានៅក្នុងសង្គមជាតិ។
ទន្ទឹមនឹងនេះដែរលោក ជា សុមេធី បន្ថែមថា ការជួបជុំគ្នានៅថ្ងៃទី៨ មីនានេះ ក៏ជាការបញ្ជាក់ថា ស្ត្រីគ្រប់រូប ជាពិសេសស្ត្រីដែលមានពិការភាព ក៏មានសិទិ្ធទទទួលបាននូវការស្រឡាញ់រាប់អាន មានឱកាសចូលរួមរាល់សកម្មភាពនានាក្នុងសង្គមស្មើៗគ្នា និងត្រូវបានផ្ដល់តម្លៃដែលជាចំណែកនៃកោសិកាសង្គមមិនអាចខ្វះបាន។ បញ្ហាពិការភាព ជាបញ្ហាមួយដែលត្រូវចាប់អារម្មណ៍ និងយកចិត្តទុកដាក់សម្រាប់ពិភពលោក តាមរយៈការស្រាវជ្រាវពិនិត្យឃើញថា អត្រាជនមានពិការភាពបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារកត្តាជាច្រើនរួមមាន៖ ជំងឺ កង្វះអាហារូបត្ថម្ភ ចាស់ជរា តំណពូជ និងគ្រោះថ្នាក់ផ្សេងៗ។
លោក ជា សុមេធី បានឱ្យដឹងថា ផ្អែកតាមរបាយការណ៍អង្កេតសេដ្ឋកិច្ច សង្គមកម្ពុជាឆ្នាំ២០២១ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានបញ្ជាក់ថាអត្រាជនមានពិការភាព កម្ពុជា មានប្រមាណ ៥.៣% (ប្រមាណ ៨៧២,៥២៧នាក់) នៃចំនួនប្រជាជនសរុបប្រមាណ ១៦លាននាក់។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ផ្តើមចេញពីបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងលិខិតូបករណ៍អន្តរជាតិផ្សេងៗ បានកសាង និងដាក់ឱ្យអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ សំដៅពង្រឹងការអភិវឌ្ឍមូលធនមនុស្ស លើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀងឱ្យកាន់តែប្រសើរឡើង ដែលអ្នកទទួលផល ក៏មានជនមានពិការភាពផងដែរ៕