(ព្រះវិហារ)៖ ក្នុងឱកាសអបអរសាទរខួបលើកទី១១៣ ទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីរាជការចំណុះរដ្ឋបាលស្រុករវៀង ធ្វើទស្សនកិច្ចនៅវារីអគ្គិសនីសេសាន២ ក៏ដូចជាតំបន់មួយចំនួនក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។
វត្តមានរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានទទួលដោយរាក់ទាក់ ស្និទស្នាលក្រៃលែង ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលស្រុកសេនសាន ខេត្តស្ទឹងត្រែង។
លោក ហោ ប៊ុនហួរ បានថ្លែងថា ក្នុងឱកាសអបអរសាទរខួបលើកទី១៣៣ ទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០២៤នេះ លោកបានដឹកនាំមន្ត្រីរាជការ ពិសេសមន្ត្រីរាជការជានារី ទៅធ្វើទស្សនកិច្ចនៅវារីអគ្គីសនីសេសាន២ និងតំបន់មួយចំនួនក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ដើម្បីបង្ករបរិយាកាសរីករាយដល់ពួកគាត់ក្នុងថ្ងៃដ៍ពិសេសនេះ។
លោកអភិបាលស្រុករវៀង បានថ្លែងកោតសរសើរខ្ពស់អំពីសក្តានុពលស្ត្រីក្នុងកិច្ចការទូទៅ និងការងារសង្គម ដែលជាកម្លាំងស្នូលក្នុងការរំលេចនូវសក្តានុពល និងភាពចាំបាច់ព្រមទាំងប្រសិទ្ធភាព នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រី នៅក្នុងវិស័យឌីជីថល ដែលឆ្លើយតបនឹងបរិបទ នៃការវិវត្តរបស់សង្គម និងបច្ចេកវិទ្យា ការអភិវឌ្ឍ និងលើកម្ពស់ស្ថាប័ន ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់បរិយាបន្ន និងជំរុញភាពហានក្លាដល់ស្រ្តី និងក្មេងស្រី៕