(កំពង់ធំ)៖ នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤នេះ លោក សាយ គឹមឡម អភិបាលស្រុក និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងព្រះមន្ត្រីសង្ឃ ស្រុកស្ទោង ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខក្រុមគ្រួសារលោក គួន ដែក និងប្រពន្ធឈ្មោះ ទុំ នឿន អាយុ៨០ឆ្នាំ រស់នៅក្នុងភូមិត្រពាំងជ័រ ឃុំចំណាលើ ដែលរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះអស់ទាំងស្រុង។

លោកអភិបាលស្រុក បានសម្ដែងនូវសមានចិត្តចូលរួមសោកស្ដាយជាមួយម្ចាស់ផ្ទះ ដែលបានបាត់បង់នូវគេហដ្ឋានជាទីស្រឡាញ់ និងបាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋាន និងគ្រប់ពេលវេលា ជាពិសេសនៅក្នុងគ្រាលំបាក និងជួបគ្រោះភ័យផងទាំងឡាយ ហើយអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាអគ្គិភ័យ ក្នុងដូវប្រាំងក្តៅហួតហែងនេះ។

លោកវរសេនីយ៍ទោ ជឹម រីណា អធិការនគរបាលស្រុកស្ទោង បានឲ្យដឹងថា ផ្ទះឆេះខាងលើមានទំហំ ៤គុណ៥ម៉ែត្រ ធ្វើពីឈើ ហើយត្រូវបានអគ្គីភ័យឆាបឆេះនៅម៉ោង៩៖៥២នាទីយប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ដោយសារឆ្លងចរន្តអគ្គិសនី ហើយខូចខាតទ្រព្យសម្បត្តិជាច្រើន និងផ្ទះសម្បែងទាំងស្រុង។

សូមជម្រាបថា ម្ចាស់ផ្ទះខាងលើទទួលបាននូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនព្រមទាំងថវិកា៤០ម៉ឺនរៀល ហើយលោកអភិបាលស្រុកសន្យានឹងជួយធ្វើផ្ទះថ្មីជូនជនរងគ្រោះ និងចេញថ្លៃព្យាបាលរបួសផងដែរ៕