(ឡាវ)៖ តមតាមការអញ្ជើញរបស់លោក Malaithong Kommasith រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤, លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៣០ នៅទីក្រុងហ្លួងប្រាបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ហើយនៅរសៀលថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០២៤ អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Malaithong Kommasith រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីសមិទ្ធផលអាទិភាពសេដ្ឋកិច្ចដែលរំពឹងថានឹងអាចសម្រេចបាន នៅក្រោមការធ្វើជាប្រធានអាស៊ានរបស់ឡាវនៅឆ្នាំ២០២៤ នេះ ក៏ដូចជា ការបង្កើតផែនការយុទ្ធសាស្ត្រសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលជាផ្នែកមួយដ៏សំខាន់នៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។
នៅល្ងាចថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Oudet Souvannavong ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ASEAN BAC) ឆ្នាំ២០២៤ និងជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិរបស់ឡាវ។
នៅក្នុងឱកាសនោះ លោកបណ្ឌិត កៅ គឹមហួន បានថ្លែងអំណរគុណចំពោះតួនាទីដ៏សកម្មរបស់ ASEAN BAC ក្នុងការបង្កើតភាពជាដៃគូដ៏ស្វាហាប់ រវាងសហគមន៍ធុរកិច្ច និងរដ្ឋាភិបាលប្រទេសសមាជិកអាស៊ាន ដែលជាយានដ៏សំខាន់ដើម្បីសម្រេចបានចក្ខុវិស័យអាស៊ាន នៃការធ្វើ សមាហរណកម្មសេដ្ឋកិច្ចតំបន់ប្រកបដោយបរិយាប័្នន និងសំឡឹងឆ្ពោះទៅមុខ។
លោកអគ្គលេខាធិការអាស៊ាន ក៏បានបញ្ជាក់អំពីការគាំទ្រពេញទំហឹងរបស់លេខាធិការដ្ឋានអាស៊ាន ដែលប្រទេសឡាវធ្វើជាប្រធាន ASEAN BAC នៅឆ្នាំនេះផងដែរ។
នៅល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ដដែល លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Liew Chin Tong អនុរដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីការត្រៀមខ្លួនជាមុន សម្រាប់ការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី ក្នុងឆ្នាំ២០២៥ ក៏ដូចជា ការបង្កើតចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលកំពុងដំណើរការផងដែរ។
នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា ឆ្នាំ២០២៥ គឺជាឆ្នាំដ៏មានសារៈសំខាន់នៅក្នុងដំណើរការកសាងសហគមន៍អាស៊ាន ហើយបានបញ្ជាក់ជាថ្មីចំពោះការត្រៀមខ្លួនជាស្រេចរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការគាំទ្រម៉ាឡេស៊ី ដើម្បីធានាបានជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ៕