(ពោធិ៍សាត់)៖ បើទោះបីជាក្រុមការងារទាំង៩ នៃអនុគណៈកម្មការទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ ក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ធ្លាប់បានចុះបង្ក្រាប ឃ្លុំទុក និងដកហូតផ្ទៃដី ដែលជនល្មើសបានកាប់ទន្ទ្រាន បានប្រមាណជិត២ម៉ឺនហិកតាយ៉ាងណាក្តី ក៏សកម្មភាពកាប់រាន ទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ចេះតែបន្តកើតមាន នៅទីតាំងចាស់ និងទីតាំងថ្មី ពិសេសក្នុងរដូវប្រាំងនេះ។

ជាក់ស្តែងនាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤នេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារដឹកនាំរួម បានចុះត្រួតពិនិត្យដោយផ្ទាល់ ទៅលើទីតាំងមួយចំនួនដែលជាចំណុចក្តៅគគុក ក្នុងស្រុកវាលវែង និងបានព្រមានចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះជនល្មើស និងអ្នកពាក់ព័ន្ធ ដោយគ្មានការលើកលែង។

លោក ខូយ រីដា ធ្លាប់បានថ្លែង នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយគណៈកម្មការថ្នាក់ខេត្ត និងអនុគណៈកម្មការទាំង៩ក្រុម កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នោះថា លោកនឹងចៀរសាច់ស្អុយ ចំពោះមន្ត្រីណាក៏ដោយ ដែលឃុបឃិតជាមួយជនល្មើស បំផ្លិចបំផ្លាញធនធានធម្មជាតិ ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ដោយធ្វើការស្នើសុំគោលការណ៍ ទៅប្រមុខរាជរដ្ឋាភិបាល ក្នុងការអនុវត្តអភិក្រមទី៥ គឺការវះកាត់ផ្ទាល់តែម្តង។

លោកក៏បានគូសបញ្ជាក់ថា ស្រុកវាលវែង គឺស្រុកប្រឈមខ្ពស់ និងជាចំណុចក្តៅគគុក នៃមហន្តរាយធនធានធានធម្មជាតិ តាមរយៈការកាប់ទន្ទ្រានដីព្រៃ និងដុតបំផ្លាញព្រៃឈើ យកដីធ្វើមកធ្វើជាកម្មសិទ្ធិ ពីសំណាក់ជនល្មើស និងមានមន្ត្រីគ្រាប់ល្ពៅមួយចំនួន ដែលកំពុងឃុបឃិតគ្នា ជាលក្ខណៈប្រព័ន្ធ។

ក្នុងនាមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកនឹងប្រើប្រាស់ពេលវេលា មិនថាថ្ងៃឈប់សម្រាក ដើម្បីចុះផ្ទាល់ដល់គ្រប់គោលដៅដែលប្រឈម ដើម្បីចាត់វិធានការក្តៅ ចំពោះជនល្មើស និងអ្នកពាក់ព័ន្ធ ដោយគ្មានការលើកលែង។

ជាមួយគ្នានោះ លោកក៏សូមស្នើដល់អនុគណ:កម្មការទាំង០៩ក្រុម ត្រូវបន្តចុះត្រួតពិនិត្យទីតាំងចាស់ ដែលបានដកហូត និងឃ្លុំទុកកន្លងមក ព្រមទាំងឡើងផែនទី និងធ្វើរបាយការណ៍ជាក់លាក់ ក្នុងការពិនិត្យករណីកាប់រុករានថ្មី ដោយកំណត់មុខសញ្ញា ស្រាវជ្រាវចាប់ខ្លួន ជនប្រព្រឹត្តបទល្មើសមកផ្តន្ទាទោសឱ្យបានដាច់ខាត ទោះលំដាប់ណាក៏ដោយ។ បន្ថែមពីនោះត្រូវដាក់ទីតាំងឈរជើង និងត្រៀមកូនឈើ សម្រាប់ដាំឡើងវិញផងដែរ។

គួរជម្រាបជូនថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីសម្រេចលេខ ០៨៣/២៣សសរ.ខពស ស្តីពីការបង្កើតអនុគណៈកម្មការ និងក្រុមលេខាធិការ ចំណុះឱ្យគណៈកម្មការថ្នាក់ខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង។ សេចក្តីសម្រេចខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ទាក់ទងនឹងការទប់ស្កាត់ការកាប់ព្រៃឈើទន្ទ្រានយកដី ពីសំណាក់ជនខិលខូច ដែលលួចឆ្លៀតឱកាស ស្របពេលដែលការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ខិតជិតមកដល់៕