(បារាំង)៖ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ រដ្ឋសភា នៃសាធារណរដ្ឋបារាំង បានរៀបចំសន្និសីទសារព័ត៌មាន ដោយមានការចូលរួមពីប្រធានសភាជាស្រ្តីទាំង២៥រូប។

ប្រធានរដ្ឋសភាដែលបានចូលរួមមាន សាធារណរដ្ឋបារាំង អាហ្រ្វិកខាងត្បូង អាល់បានី អាល្លឺម៉ង់ អង់ហ្គូឡា បាហាម៉ា បង់ក្លាដេស កម្ពុជា ស្លូវេនី ប៊ែលហ្សីក អេស្បាញ ឥណ្ឌូនេស៊ី គីរីបាទី លីទុយអានី ម៉ាដាហ្គាស្កា ម៉ាឡាវី មិកសិច ម៉ូណាកូ ម៉ូហ្សំបិក សភាកេបិក សាធារណរដ្ឋឆែក រ៉វ៉ាន់ដា តង់ហ្សានី ប្រទេសសាំងគ្រីស្តូហ្វ-នីញ៉ែវ៉េស និងប្រទេសសៅតូម៉េ-ហ្វ្រាំងស៊ីប។

កិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីបានបញ្ចប់ដោយជោគជ័យ ព្រមទាំងទទួលបានការអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីថ្លែងការណ៍រួម ដើម្បីកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នា ក្នុងបេសកកម្មបន្តគាំទ្រដល់ការពង្រឹង និងលើកកម្ពស់សិទ្ធិស្រ្តី និងសមភាពយេនឌ័រ។

លោកស្រីប្រធានរដ្ឋសភាបារាំង បានឆ្លើយតបទៅនឹងសំនួររបស់អ្នកកាសែត ពាក់ព័ន្ធទៅនឹងការធ្វើវិសោនកម្មច្បាប់នៅតាមបណ្តាប្រទេសនីមួយៗ ដើម្បីផ្តល់សិទ្ធិពេញលេញដល់ស្រ្តីចូលរួមនៅក្នុងគ្រប់វិស័យ ដោយមិនមានការគម្រាមកំហែង។

ជាងនេះទៅទៀត មានការបំភ្លឺពីលោកស្រីប្រធានរដ្ឋសភាមួយចំនួន ទាក់ទងទៅនឹងការធ្វើច្បាប់ និងការអនុម័តច្បាប់តាមវិស័យដើម្បីឆ្លើយតបទៅនឹងសិទ្ធិស្រ្តីក្នុងការទទួលបានការអប់រំនៅថ្នាក់ខ្ពស់ ការទទួលបានសុវត្ថិភាព ចៀសផុតពីអំពើហិង្សា និងការបៀតបៀនទាំងក្នុង និងក្រៅប្រព័ន្ធអនឡាញ ក្នុងនោះក៏មានការអនុម័តច្បាប់រំលូតកូន ព្រមទាំងបង្កើតឱ្យមានវប្បធម៌សមភាពនៅក្នុងសង្គម ដើម្បីធានាបានថាមនុស្សគ្រប់រូប ដោយមិនគិតពីពណ៌សម្បុរ ជាតិសាសន៍ ឋានៈក្នុងសង្គម ភេទ និងសាសនាត្រូវបានទទួលស្គាល់ និងឱ្យតម្លៃស្មើៗគ្នា ព្រមទាំងមានសិទ្ធិពេញលេញនៅក្នុងការចូលរួមសកម្មភាពនានានៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិតរបស់ខ្លួន។

ក្រោយការផ្តល់សន្និសីទសារព័ត៌មាន ប្រធានសភាស្រ្តីទាំង ២៥រូប បានអញ្ជើញទស្សនារូបគំនូរ អំពីទេសភាពផ្ការំចង់ ដែលបង្ហាញពីការផ្សារភ្ជាប់ជីវិតរបស់វិចិត្រករទៅនឹងធម្មជាតិ និងជាពិសេសទៅនឹងអ្វីដែលគាត់ចូលចិត្ត។

គំនូរដ៏ល្បីល្បាញនេះត្រូវបានដាក់តាំងនៅក្នុងសារមន្ទីរ Musée de l'Orangerie ដែលគូរដោយវិចិត្រករបែបសោភ័ណភាព និមិត្តនិយម (Impressionism) ដ៏ល្បីល្បាញលើពិភពលោក គឺលោក Claude Monet ដែលត្រូវបានគេស្គាល់ថាជាវិចិត្រករដ៏អស្ចារ្យមួយរូបសម្រាប់គំនូររបស់គាត់អំពីទេសភាពខាងក្រៅ។

ផ្ទាំងគំនូរនេះត្រូវបានលោក Monet បរិច្ចាគដល់រដ្ឋបារាំងក្នុងឆ្នាំ១៩២២ ហើយដែលត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរ Musée de l'Orangerie តាំងពីឆ្នាំ១៩២៧។ សារមន្ទីរនេះមានភាពល្បីល្បាញដោយសារមានផ្ទាំងគំនូរធំៗជាច្រើនដែលជាស្នាដៃវិចិត្រករដ៏ល្បីល្បាញក្នុងពិភពលោក ដូចជា Monet, Renoir និង Picasso៕