(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអញ្ជើញមកហាត់ប្រាណ ដោយកីឡាវាយកូនគោល មមិនប៉ុន្មានថ្ងៃ ក្រោយពីសម្តេចតេជោ បានត្រលប់ពីប្រទេសសឹង្ហបុរី ដើម្បីត្រួតពិនិត្យសុខភាព។
យោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា «ភរិយាខ្ញុំនិយាយភាសា អង់គ្លេស ប្រាប់គ្រូពេទ្យថា ២ដងក្នុងមួយសប្តាហ៍ (two times per week)។ ដំបូងខ្ញុំខំអរ តែក្រោយការគិតបើទោះគាត់ឱ្យទៅ វាយរាល់ថ្ងៃ ក៏ខ្ញុំពុំមានពេលដែរព្រោះការងារច្រើនពេក។ ឱ្យដូចមិនឱ្យប្រពន្ធសំឡាញ់»។
មានប្រសាសន៍បែបលេងសើចបន្តិច សម្តេចតេជោ ហ៊ុន សែន បានបន្តឲ្យដឹងថា «ថ្ងៃនេះ ខ្ញុំភ្ជាប់រូបថត២សន្លឹកដើម្បីបង្ហាញពីដៃគូប្រកួតដែលធ្លាប់លួចកូនអុកពេលលេងអុក ដល់វាយកូនគោលលូក ហោប៉ៅយកលុយ។ គាត់យកបានច្រើន តែបានខ្យល់ព្រោះខ្ញុំអត់មានលុយក្នុងហោប៉ៅ»។
ជាការកត់សំគាល់ សម្តេចតេជោ ហ៊ុន សែន ជាទូទៅ អញ្ជើញទៅហត់ប្រាណ ដោយវាយកូនគោល ក្នុងមួយសប្តាហ៍២ ថ្ងៃ គឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីជាជំនួយដល់សុខភាព។ យើងសង្កេតឃើញថា ទោះបីជាពេលខ្លះ សម្តេចតេជោ ហ៊ុន សែន មមាញឹកខ្លាំងនឹងការបំពេញការងារ ក៏សម្តេចតេជោ នៅតែឆ្លៀតពេលវេលាណាមួយដើម្បីហាត់ប្រាណ ដើម្បីសុខភាព។ការហាត់ប្រាណ គឺជាផ្នែកមួយដល់សំខាន់ ដើម្បីជាជំនួយដល់សុខភាពមនុស្សគ្រប់គ្នា៕