(វ៉ាស៊ីនតោន)៖ បណ្តឹងលើការប្រើប្រាស់ សារអេឡិចត្រូនិកឯកជន របស់បេក្ខជនប្រធានាធិបតី អាមេរិកលោកស្រី ហ៊ីលឡារី គ្លីនតុន នៅតែជារឿងក្តៅគគុកមួយ ដែលអាចបំផ្លាញសន្លឹកឆ្នោត របស់លោកស្រី នៅថ្ងៃបោះឆ្នោត ហើយវាបានកើតឡើងតាំងពីលោកស្រី កាន់តំណែងជា រដ្ឋមន្ត្រីការបរទេសអាមេរិកមកម្ល៉េះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០១៦។
អ្វីដែលជាការចោទប្រកាន់នោះ គឺការបង្កើតអ៊ីមែលឯកជន ដែលខុសទៅនឹងការអនុវត្តន៍របស់ មន្ត្រីជាន់ខ្ពស់អាមេរិកដែលមិនត្រូវឲ្យមាន ការទាក់ទងដោយសម្ងាត់ណាមួយនោះឡើយ ឬដោយមិនបានសុំការអនុញ្ញាតជាមុននោះឡើយ។ នៅក្នុងការបោះជំហានដ៏កម្រមួយ ឯកសារ ៥៨ទំព័រ ដែលជាការបូកសរុបបទសម្ភាសន៍រវាង FBI ជាមួយលោកស្រី គ្លីនតុន កាលពីថ្ងៃទី០២ ខែកក្កដា នោះ លោកស្រីបានសារភាពថា មិនបានស្នើសុំការអនុញ្ញាត ចំពោះការបង្កើតអ៊ីមែលផ្ទាល់ខ្លួនលោកស្រីនោះឡើយ។
វាពិតជាផ្ទុយទៅនឹងការបកស្រាយជាសាធារណរបស់លោកស្រី កាលពីពេលមុនថាការប្រើប្រាស់ អ៊ីមែលឯកជននោះ គឺបានទទួលការអនុញ្ញាតរួចទៅហើយពីក្រសួងការបរទេស ប៉ុន្តែពាក្យ សារភាពចំពោះមុខ FBI គឺខុសគ្នា ហើយអ្វីដែលនៅតែជាការការពារខ្លួននោះ គឺលោកស្រី គ្លីនតុន បានអះអាងថា គ្រប់គ្នាក្នុងក្រសួងការបរទេស បានដឹងថាលោកស្រីមាន អ៊ីមែលផ្ទាល់ខ្លួន ហើយក៏គ្មានអ្វីដែលត្រូវធ្វើការស៊ើបអង្កេតចំពោះរឿងនេះទៀតដែរ។
គួរបញ្ជាក់ថា បន្ទាប់ពីរយៈពេលមួយឆ្នាំ នៃការស៊ើបអង្កេតលើរឿងក្តី អ៊ីមែលឯកជន របស់លោក ស្រីគ្លីនតុន នោះទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI បានសម្រេចមិនធ្វើការប្តឹងប្តល់អ្វីចំពោះ លោកស្រីទៀតឡើយ ហើយក្រសួងយុត្តិធម៌ក៏សម្រេចបិទការស៊ើបអង្កេតលើករណីនោះដែរ កាលពីខែកក្កដា កន្លងទៅនេះ៕