(ត្បូងឃ្មុំ)៖ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងលោកស្រី និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោកស្រី ម៉េង វ៉ាន់ដានីន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងគណៈចលនាស្រ្តីខេត្តត្បូងឃ្មុំ ឆ្នាំ២០២២-២០២៣ និងទិសដៅភារកិច្ច ឆ្នាំ២០២៤ និង អបអរសាទរ ខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ ។
ថ្លែងក្នុងអង្គពិធី លោកស្រី នី ចាន់ធីតា អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគមនារីខេត្ត បានលើកឡើងពីរបាយការណ៍សកម្មភាព អនុវត្តបានទៅតាមផែនការ រយៈពេល ២ឆ្នាំ(២០២២-២០២៣)កន្លងមកនេះ ទទួលបានជោគជ័យគួរជាទីមោទក ក្រោមការដឹកនាំរបស់លោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ ប្រធានកិត្តិយសសាខា ក៏ដូចជាថ្នាក់ដឹកនាំ សមាជិកាសាខា ទាំងអស់ផងដែរ ។
ក្នុងនាមប្រធានប្រតិបត្ត លោកស្រី នី ចាន់ធីតា បានថ្លែងអំណរគុណជាអនេក ចំពោះសមាជិក សមាជិកា នៃសាខាសមាគមនារីខេត្ត អនុសាខាសមាគមនារីស្រុក-ក្រុងទាំង០៧ ដែលតែងតែបានចូលរួមគាំទ្រ និងយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះការងារ សកម្មភាព របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមចលនាស្ត្រី ខេត្តត្បូងឃ្មុំ។
នាឱកាសដ៍វិសេសវិសាលនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអាននូវព្រះរាជសារដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដើម្បីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិ ៨ មីនា ឆ្នាំ២០២៤នេះ។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា ទាក់ទងនឹងកិច្ចការនារីនេះដែរ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅតែបន្តការគាំទ្រលើយន្តការលើកកម្ពស់សកម្មភាពយេនឌ័រលើគ្រប់វិស័យ ដើម្បីសម្រេចឱ្យបាននូវជោគជ័យដ៏ត្រចះត្រចង់ថ្មីៗបន្ថែមទៀត ក្នុងបរិបទឌីជីថលសម្រាប់ឆ្នាំ២០២៤នេះ តាមរយៈការបង្កើនសមត្ថភាពស្ត្រី ឱ្យកាន់តែទូលំទូលាយ ។
លោកបណ្ឌិត អភិបាលខេត្ត បានស្នើឱ្យគ្រប់មន្ទីរ អង្គភាព នៃរដ្ឋបាលខេត្តទាំងអស់ ត្រូវបន្តបង្កលក្ខណៈងាយស្រួល និងគិតគូរអំពីសុខទុក្ខ របស់មន្ត្រីរាជការជានារី និងសំណូមពរឱ្យពិនិត្យមើលលើសមត្ថភាព គុណវុឌ្ឍ សីលធម៌ សាមគ្គីភាពល្អ និងអតីតភាពការងារយូរឆ្នាំ ដើម្បីពិនិត្យលទ្ធភាពតែងតាំងដំឡើងឋានៈជូនមន្ត្រីជានារី និងត្រូវយកចិត្តទុកដាក់ដំឡើងឋានន្តរស័ក្ដិ កាំប្រាក់ ដល់មន្ត្រីរាជការនារីផងដែរ ។
នាឱកាសនោះ ក៏មានពិធីជូនបាច់ផ្កា ជូនថវិកាលើកទឹកចិត្តដល់ក្រុមការងារនារីឆ្នើម ចំនួន ៣ រូប និងមានចែកជូនសំពត់ស៊ឹង ម្នាក់១ៗ ដល់ សមាជិក សមាជិកា ជាមន្ត្រីរាជការតំណាងនារី តាមមន្ទីរ អង្គភាព អនុសាខាមន្ទីរអង្គភាព ស្រុក-ក្រុងទាំង០៧ និងមន្រ្តីនៃរដ្ឋបាលខេត្ត ប្រកបដោយស្នាមញញឹម និងសប្បាយរីករាយផងដែរ៕