(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងភរិយា រួមទាំងសហការី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមប្រឹក្សា ព្រមទាំងមន្ត្រីកិច្ចសន្យាជាស្ត្រី ប្រមាណជាង៧០០នាក់ ក្នុងឱកាសខួបលើកទី១១៣ ទិវានារីអន្តរជាតិ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនោះ លោក សាយ គឹមឡម បានកោតសរសើរខ្ពស់អំពីសក្តានុពលស្ត្រីក្នុងកិច្ចការទូទៅ និងការងារសង្គម ដែលជាកម្លាំងស្នូលក្នុងការរំលេចនូវសក្តានុពល និងភាពចាំបាច់ព្រមទាំងប្រសិទ្ធភាព នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រី នៅក្នុងវិស័យឌីជីថល ដែលឆ្លើយតបនឹងបរិបទ នៃការវិវត្តរបស់សង្គម និងបច្ចេកវិទ្យា ការអភិវឌ្ឍ និងលើកម្ពស់ស្ថាប័ន ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់បរិយាបន្ន និងជំរុញភាពហានក្លាដល់ស្រ្តី និងក្មេងស្រី។
ជាមួយគ្នានេះ លោកបានលើកឡើងថា ការគោរពស្ត្រី និងឲ្យតម្លៃស្ត្រី និងក្មេងស្រី នឹងសិទ្ធិស្មើភាពគ្នា គឺមានជាប្រចាំថ្ងៃមិនមែនសម្រាប់តែថ្ងៃទី០៨ ខែមីនា មួយថ្ងៃនេះទេ ហើយលោកបានកោតសរសើរ និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ជាពិសេសមន្ត្រីរាជការគ្រប់រូបត្រូវបង្កើនគុណវុឌ្ឍិ ជាពិសេសបច្ចេកវិទ្យាឌីជីថលចុងក្រោយ ហើយលោកផ្ដល់ឱកាសការងារជាអ្នករដ្ឋបាល នៅរដ្ឋបាលស្រុកស្ទោងផ្ទាល់តែម្ដង។
ទន្ទឹមនឹងនេះ លោកអភិបាលស្រុក បានអំពាវនាវដល់មន្ត្រីការគ្រប់រូប ត្រូវចូលរួមទប់ស្កាត់បទល្មើសគ្រឿងញៀន ជាពិសេសត្រៀមខ្លួនធ្វើតេសរកសារធាតុញៀនជាមួយរដ្ឋបាលស្រុកស្ទោង ក៏ដូចជាអនុវត្តនូវបទបញ្ជាដ៏ម៉ឺនម៉ាត់របស់សម្ដេចមហាវោធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះកម្ពុជា ក្នុងការលុបបំបាត់គ្រឿងញៀនឲ្យបានដាច់ខាត។
គួរបញ្ជាក់ថា នៅក្នុងពិធីនេះក៏មានការលើទឹកចិត្ត និងជូននូវវត្ថុអនុស្សាវរីយ៍ជូនដល់គណៈអធិបតី ភ្ញៀវកិត្តិយស សមាជិការ ជាស្ត្រីដែលបានចូលរួមក្នុងពិធីនេះផងដែរ៕