(ភ្នំពេញ)៖ ទិវានារីអន្តរជាតិ ឬ International Women's Day ត្រូវបានប្រារព្ធ ធ្វើនៅថ្ងៃទី៨ ខែមីនា ជារៀងរាល់ឆ្នាំ ដែលត្រូវបានចាត់ទុកថា ជាថ្ងៃដ៏មានសារៈសំខាន់មួយ ដែលបានបង្ហាញពីប្រវត្តិដ៏អង់អាចរបស់ស្ត្រីនៅលើពិភពលោក។ នៅឆ្នាំ២០២៤នេះ ជាខួបទី១១៣ នៃទិវានារីអន្តរជាតិ ប្រទេសកម្ពុជា ក៏ដូចជាប្រទេសនៅលើពិភពលោក រៀបចំទិវានេះក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីវភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ព្រមទាំងបានដាក់ចេញនូវក្របខ័ណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលជាផែនទីបង្ហាញផ្លូវ និងជាក្របខ័ណ្ឌការងារ នៃការគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងការទាញយកប្រយោជន៍ជាអតិបរមា ពីបច្ចេកវិទ្យាឌីជីថល ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៥០។
ក្នុងន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យធានាថាការពង្រឹងសមភាពយេនឌ័រនៅតែបន្តជាកិច្ចការអាទិភាព និងកាន់តែចាំបាច់ ដើម្បីឲ្យស្រ្តី និងក្មេងស្រីគ្រប់រូប ទទួលបាននូវកាលានុវត្តភាពពេញលេញ និងប្រកបដោយសមភាពនៅក្នុងគ្រប់ទិដ្ឋភាព ទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម ព្រមទាំងទទួលបាននូវសិទ្ធិចូលរួមដោយស្មើភាព និងជាដៃគូមិនអាចខ្វះបាន ជាមួយនឹងបុរសនៅក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិ ជាពិសេស នៅក្នុងរបៀបវារៈនៃការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងសង្គម និងសេដ្ឋកិច្ចកម្ពុជា។
ស្ត្រីនិងក្មេងស្ត្រី ត្រូវបានលើកកម្ពស់ឲ្យចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម ប៉ុន្តែសម្រាប់អ្នកស្រាវជ្រាវ ក៏ស្នើឲ្យពួកគាត់ត្រូវចេះប្រើបច្ចេកវិទ្យាឲ្យបានត្រឹមត្រូវផងដែរ។
លោកស្រីបណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បរិវត្តកម្មឌីជីថល គឺជានីតិវិធីនៃការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្លាស់ប្តូរ និងធ្វើឱ្យប្រសើរឡើងយ៉ាងឆាប់រហ័សក្នុងមុខរបរប្រចាំថ្ងៃ។ ឆ្នាំ២០២៤នេះ ទិវានារីអន្តរជាតិ ខួបទី១១៣ ត្រូវបានប្រារព្ធក្រោមប្រធានបទ «ស្ត្រីនិងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដែលជាប្រធានបទសមស្របនឹងបរិយាកាសនៃការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្លាំង ក្នុងជីវភាពរស់នៅក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយ ហើយជាសារដ៏សំខាន់មួយដែលយើងគួរយកចិត្តទុកដាក់។ បរិវត្តកម្មឌីជីថល ផ្តល់ទាំងគុណសម្បត្តិ ទាំងគុណវិបត្តដល់ស្ត្រីនិងក្មេងស្រីនៅកម្ពុជា។
បើតាមគ្រូបង្រៀនរូបនេះ គុណសម្បត្តិនៃបរិវត្តកម្មឌីជីថល រួមមាន៖
* ងាយស្រួលក្នុងការស្វែងរកឯកសារស្រាវជ្រាវ ចំណេះដឹងថ្មីៗ៖ តាមរយៈ search engine សំខាន់ៗមួយចំនួនដូចជា google, YouTube, yahoo, ask.com យើងអាចរកឯកសារដែលយើងត្រូវការ តាមពេលនិងទីកន្លែងសមស្រប អាចធ្វើនៅផ្ទះក៏បាន ពេលយប់ក៏បាន និងតម្រូវឱ្យមានការចំណាយតិចតួចប៉ុណ្ណោះ។
* ទទួលបានឱកាសបង្ហាត់និងជួបនិស្សិតពីចម្ងាយ៖ ជាពិសេសកំលុងពេលមានវិបត្តជំងឺកូវីដ១៩ ការបង្ហាត់នៅដំណើរការធម្មតា។ តាមរយៈការប្រើប្រាស់ microsoft team, google meet, zoom យើងអាចបង្ហាត់សិស្សពីចម្ងាយ និងគ្រប់គ្រងនិស្សិតដោយប្រើក្រុមតេឡេក្រាម។ ការប្រើបច្ចេកវិទ្យាឌីជីថលខាងលើជួយឱ្យស្ថាប័នបណ្តុះបណ្តាលចំណេញ ទីតាំងជាក់ស្តែងទៀតផង។ ចំពោះការដឹកនាំនិក្ខេបបទ ឬសារណានិស្សិតអាចជួបពិភាក្សាជា មួយគ្រូ ពីចម្ងាយបាន ដោយមិនចាំបាច់ខាតពេលធ្វើដំណើរទៅជួបគ្នា ជាពិសេសសម្រាប់ស្រ្តីនិងក្មេងស្រី មិនព្រួយបារម្ភពីការធ្វើដំណើរតាមផ្លូវ។
* ចំណេញពេលរៀបចំកិច្ចការបង្ហាត់និងគ្រប់គ្រងថ្នាក់រៀន៖ ការបង្ហាត់បច្ចុប្បន្នយើងអាចប្រើ power point ជាជំនួយ។ ក្នុងន័យនេះ ចំពោះស្រ្តីចំណេញកម្លាំងច្រើន ព្រោះសរសេរតែមួយដង ប្រើបានច្រើនដង។ ការស្រង់វត្តមាននិស្សិត និងដាក់លំហាត់ឱ្យនិស្សិតអនុវត្តមាន google form, gmail, google doc ឬ google sheet ជាជំនួយ។
អ្នកស្រាវជ្រាវរូបនេះ ក៏បានបន្តថា ចំពោះ គុណវិបត្តនៃបរិវត្តកម្មឌីជីថល រួមមាន៖
* ខ្វះភាពស្និទស្នាល៖ បច្ចេកវិទ្យាឌីជីថលអាចឱ្យបាត់បង់ទំនាក់ទំនងផ្ទាល់រវាងគ្រូនិងសិស្ស ព្រោះមិនបានឃើញមុខគ្នា។ បើជាការចូលរួបក្នុងសិក្ខាសាលាឬវគ្គបណ្តុះបណ្តាល មិនជាអីទេ ព្រោះជារយៈពេលខ្លះ តែបើរៀនពេញមួយឆមាស គ្រូនិងសិស្សមិនបានជួបគ្នាសោះ នោះជាការមិនល្អប៉ុន្មានទេ។
* ខ្វះវិន័យ៖ និស្សិតមួយចំនួនមិនបានផ្តោតអារម្មណ៍ស្តាប់ការពន្យល់របស់គ្រូទេ ខ្វះវិន័យ ព្រោះគ្រូមិនបានឃើញសកម្មភាពចូលរួមផ្ទាល់ បើកទូរសព្ទឬកុំព្យូរទ័រចូលរៀនអនឡាញហើយ តែឆ្លៀតទៅធ្វើអ្វីផ្សេងវិញ បែបនេះនិស្សិតមិនយល់ខ្លឹមសារមេរៀនទេ។ ការរៀននៅផ្ទះ ក្មេងស្រីឬអ្នកម្តាយវ័យក្មេងមួយចំនួន បែងចែកពេលវេលាមិនដាច់រវាងកិច្ចការក្នុងផ្ទះនិងការរៀនសូត្រ។
* ខ្វះបរិក្ខានិងសមត្ថភាព៖ និស្សិតស្រីមួយចំនួន សុខចិត្តបោះបង់ការសិក្សាខ្លួនឯង ទុកធនធានដែលក្រុមគ្រួសារមានឱ្យប្អូនឬបងប្រុសរៀន។ គ្រូបង្ហាត់មួយចំនួន ក៏មានការលំបាកក្នុងការសរសេរអត្ថបទមេរៀន ព្រោះមិនធ្លាប់មានកុំព្យូទ័រផ្ទាល់ខ្លួន និងមិនធ្លាប់សរសេរខ្លួនឯង។
សម្រាប់អ្នកជំនាញ ស្រ្តីនិងក្មេងស្រីកម្ពុជាមួយចំនួន មានបញ្ហាប្រឈមដូចខាងក្រោមនេះ៖
* តម្រូវឱ្យចេះមូលដ្ឋានភាសាបរទេសនិងបច្ចេកវិទ្យា ជាពិសេសនៅតាមជនបទ
* សេវាអ៊ីនធឺណិតនៅតាមទីកន្លែងខ្លះមានកំណត់
* ការផ្សាយពាណិជ្ជកម្មច្រើនក្នុងបណ្តាញសង្គម ចំណុចខ្លះក៏មិនសមស្របសម្រាប់ក្មេងស្រីដែរ។
បើតាមលោកស្រីបណ្ឌិត ព្រុំ ទេវី បច្ចេកវិទ្យាឌីជីថលជាអាវុធមុខ២ បើស្រ្តីនិងក្មេងស្រីប្រើឱ្យចំទិសដៅត្រូវរឿងយើងចំណេញ ទាំងក្នុងការសិក្សារៀនសូត្រ ទាំងក្នុងការប្រកបមុខរបរប្រចាំថ្ងៃ។ ការប្រើមិនត្រឹមត្រូវ នាំឱ្យខាតបង់ពេលវេលា ថវិកា ថែមទាំងខូចសុខភាពទៀតផង ករណីធ្ងន់ធ្ងរខ្លះ កិត្តិយសក្រុមគ្រួសារត្រូវបាត់បង់ ព្រោះការជឿជាក់តាមអនឡាញ។
ជាមួយគ្នានេះ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានមើលឃើញថា បច្ចេកវិទ្យាពិតជាអាវុធមុខពីរមែន ប៉ុន្តែលោកស្រីស្នើក្មេងស្រី និងស្ត្រី ចេះប្រើមុខណាដែលមានប្រយោជន៍ សម្រាប់សង្គមជាតិ និងសម្រាប់ការអប់រំ ដល់មនុស្សទូទៅ។ លោកស្រី ក៏បានស្នើស្ត្រី និងក្មេងស្រី កុំភ្លេចអភិរក្សនូវអ្វីដែលជាកេរ្តិ៍តំណែលវប្បធម៌របស់យើង ទោះជឿនលឿនយ៉ាងណាក៏ដោយ យើងត្រូវតែចេះងាកក្រោយ និងមើលពីសីលធម៌រប់សស្ត្រីខ្មែរយើង។
លោកស្រីបានថ្លែងលើកទឹកចិត្តដល់ស្ត្រីនិងក្មេងស្រី មានភាពវ័យឆ្លាត ក្នុងការស្វែងរកការរៀនសូត្រនៅតាមប្រព័ន្ធឌីជីថលឲ្យបានច្រើន ដើម្បីបានចេះ និងដើរឲ្យទាន់សង្គម។ សព្វថ្ងៃនេះ ស្ត្រីនិងក្មេងស្រីមួយចំនួន ក៏មានយល់ដឹងច្រើន ពាក់ព័ន្ធនឹងការប្រើបច្ចេកវិទ្យា គឺដោយសារតាមរយៈបណ្តាញសង្គម។
មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានបញ្ជាក់ថា «ទិវានារីអន្តរជាតិ ក្រោមប្រធានបទ «ស្ត្រីនិងក្មេងស្រីក្នុងបរិបទកម្មឌីជីថល» នៅក្នុងយុគសម័យនេះ កម្ពុជាជាប្រទេស ដែលដឹកនាំដោយ រាជរដ្ឋាភិបាលឌីជីថល អីចឹងប្រជាជនក៏ជាប្រជាជនឌជីថលដែរ។ បើយើងមិនប្រឹងប្រែងស្វែងរកការៀនសូត្រ ដើម្បីដើរឲ្យទាន់សង្គមទេ យើងនឹងពិបាក ជាពិសេសពិបាករកការងារធ្វើ ព្រោះចាប់ផ្ដើមឡើងយើងត្រូវដាក់ពាក្យសុំធ្វើការតាមប្រព័ន្ធ Online ទៅហើយ»។
ក្នុងឱកាសប្រារព្ធទិវានារីអន្តរជាតិ បណ្ឌិតសភាចារ្យ ខ្លូត ធីតា សមាជិកពេញសិទ្ធិនៃរាជបណ្ឌត្យសភាកម្ពុជា បានថ្លែងសារថា សង្គមកម្ពុជា ជាសង្គមដែលមានការគោរពស្រ្តីតាមបែបប្រពៃណីច្រើនដែរ តែឥឡូវជាសម័យបច្ចេកវិទ្យា ការគោរពប្រពៃណីពីបុរាណហាក់ថយចុះជាងមុនច្រើន។ និយាយបែបនេះ មិនមែនស្រ្តីខ្មែរដែលធ្វើតាមប្រពៃណីសុទ្ធសាធនោះទេ ឬ មិនមានសិទ្ធិនោះទេ គឺពិតជាមានគិតតាំងពីសម័យទី១ មកម្ល៉េះ គ្រាន់តែស្រ្តីខ្មែរពេលនោះមានការយល់ដឹងនៅមានកម្រិត ក៏ដូចជាមនុស្សលើសកលលោកសម័យនោះដែរ។
បណ្ឌិតសភាចារ្យ ខ្លូត ធីតា បានបន្តថា «សកម្មភាពអន្ដរជាតិដើម្បីលើកឋានៈស្ដ្រី បានចាប់ផ្ដើមឡើងនៅលើវិថីតូចមួយជាមួយនឹងសម្ព័ន្ធប្រជាជាតិ លែងដំណើរការសព្វថ្ងៃ (The now defunct League of Nations) និយាយដោយខ្លីគឺក្រោយសង្គ្រាមលោកលើកទី១មក។ ជាបន្ដបន្ទាប់ធម្មនុញ្ញសហប្រជាជាតិ បានបន្ដផ្ដល់គោលការណ៍សមភាពនិងសេរីភាពដល់គ្រប់ស្ដ្រីទាំងអស់។ គណៈកម្មការទៅលើឋានៈស្ដ្រី ពោលគឺអង្គការសហប្រជាជាតិ បានស្ទង់មើលពីបញ្ហារើសអើងដែលផ្អែកទៅលើភេទ ហើយបានពិភាក្សាបញ្ហា ដែលទាក់ទងទៅនឹងសិទ្ធិនយោបាយរបស់ស្ដ្រី ចំណាយសមភាពសម្រាប់ការងារសមភាពឋានៈស្ដ្រី នៅក្នុងច្បាប់សាធារណៈសញ្ជាតិ នៃស្ដ្រីរៀបការឱកាសសេដ្ឋកិច្ច និងការអប់រំសម្រាប់ស្ដ្រីជំនួយការបច្ចេកទេស និងការចូលរួមដោយស្ដ្រី»។
បើតាមបណ្ឌិតសភាចារ្យ ខ្លូត ធីតា បើទោះជាប្រទេសភាគច្រើនឥឡូវនេះ បានទទួលយកឥរិយាបថកាន់តែយុត្ដិធម៌ ហើយបានបើកទូលាយដល់ឱកាស អប់រំនិងវិជ្ជាជីវៈចំពោះស្ដ្រីបទពិសោធន៍មិនសប្បាយ និងការរើសអើងដែលពួកគេត្រូវតែដាក់ចូលគ្នាជាមួយនឹងការប្រកួតប្រជែង និងការភ័យខ្លាចដែលមាន ប៉ុន្ដែផ្នែកនៃឥរិយាបថទូទៅ នៅនឹងនៅឡើយ។ វាគឺជាការសម្ដែងមិនអស់សេចក្ដីមួយដែលត្រូវនិយាយថា ទម្រង់ជាក់ស្ដែង នៃការរើសអីងនៅតែមានអត្ថិភាពប្រឆាំងចំពោះស្ដ្រីនៅឡើយ។
បណ្ឌិតសភាចារ្យ ខ្លូត ធីតា បានលើកជាទស្សនៈថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខដឹកនាំ ដែលមានចក្ខុវិស័យ និងយុទ្ធសាស្រ្តផ្តោតយ៉ាងជាក់លាក់ទៅលើការលើកកម្ពស់សមភាពយេនឌ័រ និងការអភិវឌ្ឍ ស្ថាប័ន កំពុងអនុវត្តដើម្បីប្រជាជនរដ្ឋកម្ពុជា ជាពិសេសស្រ្តី និងយុវវ័យ បានរួមចំណែកអភិវឌ្ឍន៍ប្រទេសឲ្យឈានឆ្ពោះទៅរកភាពចម្រើនរុងរឿង មានជាអាទិ៍ ការធ្វើឲ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ច ការរក្សានូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គមព្រមទាំងការលើកកម្ពស់សិទ្ធិ សេចក្តីថ្លៃថ្នូរ និងសីលធម៌ផងដែរ។ ទន្ទឹមនឹងនេះ ដំណើរការនៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក៏ជាចំណែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់ស្ថានភាព តម្លៃស្ត្រី រួមទាំងសីលធម៌សង្គម វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជាផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តថែរក្សាមរតកដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលអាណត្តិមុន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តាមរយៈការបង្កើនការវិនិយោគលើរបៀបវារៈយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនៅក្នុងវិស័យ សេដ្ឋកិច្ច អប់រំ សុខភាព និងក្នុងតួនាទីជាអ្នកដឹកនាំ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ បង្កលក្ខណៈ អំណោយផលដល់ស្ត្រី ការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីសុខភាព និងផែនការគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រលើស្រ្តីនិងក្មេងស្រី ព្រមទាំងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។
សូមជម្រាបថា បច្ចុប្បន្ននេះ ចំនួនស្ត្រីកំពុងកាន់តំណែងសំខាន់ៗក្នុងជួរនយោបាយ និង មុខងារសាធារណៈ រួមមាន ប្រធានរដ្ឋសភា ១រូប តំណាងរាស្ត្រ ១៧រូប (ក្នុងនោះជាប្រធានគណៈកម្មការជំនាញរដ្ឋសភា ២រូប) អគ្គទេសាភិបាលធនាគារជាតិ ១រូប អគ្គសវនករ ជាតិ ១រូប រដ្ឋមន្ត្រីក្រសួង ៣រូប អភិបាលខេត្ត ២រូប អភិបាលស្រុក ខណ្ឌ ១៦រូប មេឃុំ ចៅសង្កាត់ ១៧៦រូប និងមន្ត្រីរាជការ ៤២% (កាន់តំណែងមានសិទ្ធិសម្រេចចិត្ត ២៧%)។ ក្រៅពីនេះ ស្ត្រីកម្ពុជាចំនួន ៨០១រូប (ក្នុងចំណោម៩.៤៦៥រូប នៃកងទ័ពមួកខៀវ) កំពុងមានវត្តមានយ៉ាងសកម្មក្នុងក្របខណ្ឌនៃអង្គការសហប្រជាជាតិ៕