(កំពង់ធំ)៖ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានរៀបចំកម្មវិធីខួបលើកទី១១៣ នៃទិវានារីអន្តរជាតិ ៨ មីនាក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្រោមអធិបតីភាពលោក ផូង វណ្ណ ប្រធានសាលាដំបូង និងលោក រស់ សារាំ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីអនុប្រធាន លោក-លោកស្រីព្រះរាជអាជ្ញារង លោក-លោកស្រីចៅក្រម ក្រឡាបញ្ជី និងមន្រ្តីនៃលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកំពង់ធំ។
លោក ផូង វណ្ណ បានលើកឡើងថា ការជួបសំណេះសំណាលក្នុងកិច្ចប្រជុំអំពីតួនាទីស្ត្រីក្នុងការងារសង្គម ដែលជាកម្លាំងស្នូលក្នុងការរំលេចនូវសក្តានុពល និងភាពចាំបាច់ នៃការលើកកម្ពស់ ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រី នៅក្នុងវិស័យឌីជីថល ដែលឆ្លើយតបនឹងបរិបទ នៃការវិវត្តរបស់សង្គម ស្របតាមចក្ខុវិស័យដែលបានចង្អុលបង្ហាញក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាព យេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី។
លោកបានជំរុញលើកទឹកចិត្តដល់ស្ត្រី ត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីតួនាទីស្ត្រីប្រកាន់ដែលមានភាពរឹងមាំទៅលើកិច្ចការរបស់ខ្លួន។
បន្ទាប់ពីនេះមានការឡើងបេ្តជ្ញាចិត្តតំណាងឲ្យចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្រ្តីលេខាធិការដ្ឋានទាំងអស់ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ សូមថ្លែងអំណរគុណដល់ថា្នក់ដឹកនាំ ដែលបានយកចិត្តទុកដាក់លើកទឹកចិត្តដល់មន្រ្តីក្រោមឱវាទគ្រប់ពេលវេលា។ ជាចុងក្រោយគណៈអធិបតីបានជូនបាច់ផ្កា និងវត្ថុអនុស្សាវរីយ៍ ព្រមទាំងថវិកាជូនដល់មន្រ្តីរាជការជាស្រ្តី និងថតរូបជាមួយគ្នាទុកជាអនុស្សាវរីយ៍ផងដែរ៕