(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា​ បានគូសបញ្ជាក់ថា កម្ពុជា គឺជាច្រកយុទ្ធសាស្ត្រសម្រាប់ធុរកិច្ចអូស្ត្រាលី ដែលចង់ធ្វើពិពិធកម្មទីផ្សារសាកល និង ធ្វើឲ្យប្រសើរឡើងនូវខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ខ្លួន ដោយសារកម្ពុជាមាន បណ្តាញទូលាយក្រោមក្របខណ្ឌអនុគ្រោះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន។

​អ្នកឧកញ៉ា គិត ម៉េង គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលអ្នកញ៉ាអញ្ជើញចូលរួមវេទិកាធុរកិច្ចអូស្ត្រាលី-កម្ពុជា ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងម៉ែលប៊ន​ ប្រទេសអូស្រ្តាលី។

អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា ការវិនិយោគ​នៅកម្ពុជា នឹង​ធានានូវអត្ថប្រយោជន៍យុទ្ធសាស្រ្ត​របស់ធុរជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាទីផ្សារតំបន់មានមនុស្សជាង ២.៥ ពាន់លាននាក់ ក្រោមក្របខណ្ឌ
អាសិប (RCEP)។

លើសពីនេះ កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ចំពោះការធ្វើពាណិជ្ជកម្មនិងការវិនិយោគដែលបើកទូលាយ ផ្អែកលើវិធានច្បាប់ និងគោរពទៅតាមគោលការណ៍ពហុភាគី និងកិច្ចព្រមព្រៀងអន្តរជាតិ។ ​កម្ពុជាបន្តផ្តល់ជូននូវបរិយាកាសវិនិយោគប្រកបដោយការស្វាគមន៍ ជាមួយនឹងគោលនយោបាយគាំទ្រអាជីវកម្ម រួមមានដូចជាការអនុគ្រោះពន្ធ និងអត្ថប្រយោជន៍ជាច្រើនតាមរយៈតំបន់សេដ្ឋកិច្ចពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបំពេញតម្រូវការវិនិយោគជាក់លាក់។

អ្នកឧកញ៉ា បន្ថែមថា កំណើនផលិតផលក្នុងស្រុក ដ៏គួរអោយចាប់អារម្មណ៍របស់កម្ពុជាក្នុងរយៈពេល ៣ទសវត្សចុងក្រោយនេះ គឺជាភស្តុតាងដ៏រឹងមាំ បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តមុតមាំក្នុងការបង្កើតបរិយាកាសវិនិយោគដែលមាន​តម្លាភាព អាចព្យាករណ៍បាន និងអំណោយផលដល់អាជីវកម្ម។

អ្នកឧកញ៉ា គិត ម៉េង ​បានថ្លែងទៅកាន់អ្នកចូលរួមក្នុងវេទិកាធុរកិច្ចអូស្ត្រាលី-កម្ពុជា ដែលមានតំណាងក្រុមហ៊ុនអូស្ត្រាលីចំនួន១០៤ និងក្រុមហ៊ុនកម្ពុជាចំនួន ១១៨ ​យ៉ាង​ដូច្នេះថា «សូមចាប់យកឱកាសនេះ ដើម្បីទំនាក់ទំនង និងសហការជាមួយក្រុមហ៊ុនកម្ពុជា ទាញយកកាលានុវត្តភាពថ្មី។ យើងទាំងអស់គ្នា រួមគ្នាបង្កើតនូវភាពជាដៃគូដែលមានផលប្រយោជន៍ទៅវិញទៅមក ដែលជំរុញដល់កំណើនពាណិជ្ជកម្មនិងវិនិយោគ»

​គួរជម្រាបផងដែរមកទល់បច្ចុប្បន្ននេះ កម្ពុជាបានបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មចំនួនពីរនៅក្នុងប្រទេសអូស្ត្រាលី គឺមួយនៅទីក្រុងមែលប៊ន និងមួយទៀតនៅទីក្រុងស៊ីដនី។ ការិយាល័យទាំងអស់នេះនឹងពង្រឹងទំនាក់ទំនង និងជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ​៕