(ភ្នំពេញ)៖ នាទីក្រុងប៉ារីស ប្រទេសបារាំង កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីបានចាប់ផ្តើមជាផ្លូវការនៅល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីប្រធានសភាជាស្រ្តីទាំង២៥រូប នៅលើពិភពលោក។ អង្គទូតនៃប្រទេសតំណាងទាំង២៥ នៅសាធារណរដ្ឋបារាំង ព្រមទាំងប្រតិភូអមដំណើរនិងអង្គការដៃគូរបស់រដ្ឋសភាបារាំង។

ក្នុងសន្ទរកថាបើកកិច្ចប្រជុំ លោកស្រី យ៉ាឯល ប្រូន-ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភាប្រទេសបារំាងបានផ្តល់នូវចំណាប់អារម្មណ៍ក្នុងនាមជាស្រ្តីទី១ ដែលបានជាប់ឆ្នោតជាប្រធានសភានៃប្រទេសបារាំងថា លោកស្រីពិតជាមានមោទនៈភាពដែលរូបលោកស្រី និងស្រ្តីនៃប្រទេសផ្សេងទៀតបានជាប់ឆ្នោតជាប្រធានសភា។ នេះជាដំណើរដ៏វែងឆ្ងាយនិងស្មុគ្រស្មាញមួយក្នុងការពង្រឹងសមភាពយេនឌ័រនិងការផ្តល់ភាពអង់អាចដល់ស្រ្តី។ នេះក៏ជាជាចលនាមួយសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាញស្រ្តីជាថ្នាក់ដឹកនាំនៅលើពិភពលោក ដើម្បីផ្តល់សិទ្ធិពេញលេញដល់ស្រ្តី។ នៅក្នុងប្រទេសដែលមានសង្រ្គាម ស្រ្តីនិងកុមារគឺជាអ្នកដែលទទួលគ្រោះខ្លាំងជាគេ បច្ចុប្បន្ននេះ មានវិបត្តិនិងសង្គ្រាមជាង៤៤កន្លែង នៅលើពិភពលោក ដូច្នេះតួនាទីរបស់ស្រ្តីនៅក្នុងរបៀបវារៈសន្តិសុខ និងសន្តិភាពគឺពិតជាមិនអាចខ្វះបាន ។

លោកស្រីបានលើកឡើងថាការជួបជុំប្រធានសភាជាស្រ្តីពិភពលោកនាពេលនេះ ដើម្បីជំរុញបន្ថែមនូវការទូតសភាបុរេសកម្ម ដែលគិតគូពីបញ្ហាស្រ្តីនិងក្មេងស្រី និងលើកកម្ពស់សិទ្ធិស្រ្តីនៅទូទាំងពិភពលោក។ លោកស្រីបានលើកឡើងថាដើម្បីផ្លាស់ប្តូរបរិបទពិភពលោក យើងត្រូវផ្លាស់ប្តូរការគិតរបស់ប្រទេសយើងអំពីទស្សនៈចំពោះយេនឌ័រ។

ប្រធានរដ្ឋសភាប្រទេសបារំាង បានអំពាវនាវឱ្យ មានកិច្ចខិតខំប្រឹងប្រែងរួមគ្នា គិតគូអំពីវិធានការជាវិជ្ជាមានដែលជួយគាំទ្រដល់ស្រ្តី ផ្តល់សិទ្ធិសេរីភាពពេញលេញដល់ស្រ្តី ប្រឆាំងរាល់ទម្រង់នៃការរើសអើងនិងអំពើហិង្សាលើស្ត្រី ក៏ដូចជាលើកកម្ពស់សមភាពរវាងស្ត្រីនិងបុរស តាមរយៈការស្នើនិងការអនុម័តច្បាប់។

នេះជាលើកទី១ហើយ ដែលមានជំនួបកំពូលប្រធានសភាស្រ្តីពិភពលោក ហើយរដ្ឋសភាប្រទេសបារំាងបានធ្វើជាម្ចាស់ផ្ទះ។ លោកស្រី យ៉ាឯល ប្រូន-ពីវេ បានឱ្យដឹងថានៅក្នុងដំណើរការកិច្ចប្រជុំនាឱកាសនេះ នឹងមានវេទិកាតុមូលចំនួនពីរ ជាអាទិ៍ វេទិតាទី១ ផ្តោតលើ ការអប់រំប្រកបដោយសមភាព ការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្ត្រី និងសុខភាពស្ត្រី និងវេទិកាតុមូលទី២ និយាយពី សមភាពយេនឌ័រ ភាពស្មើគ្នារវាងស្ត្រីនិងបុរសក្នុងវិស័យនយោបាយ និងការអះអាងអំពីតួនាទីគំរូរបស់ស្ត្រី។

នៅក្នុងឱកាសបើកកិច្ចប្រជុំជាផ្លូវការនេះ ក៏មានការផ្តល់ចំណាប់អារម្មណ៍ ពីលោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក តាមសារវីដេអូ ព្រមទាំងមានការផ្តល់ចំណាប់អារម្មណ៍ពីលោកស្រី អូលេកសាន់ដ្រា ម៉ាវីឈូក (Oleksandra Matviichuk) មេធាវីការពារសិទ្ធិមនុស្សជនជាតិអ៊ុយក្រែន និងជាអ្នកទទួលបានពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២២។ លោកស្រីបានលើកឡើងថា ស្រ្តីនិងក្មេងស្រីបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីសង្រ្គាមរុស្សី-អ៊ុយក្រែន និងបានស្នើសុំឱ្យស្រ្តីជាប្រធានរដ្ឋសភាទាំងអស់គិតគូរួមគ្នាក្នុងការអនុម័តច្បាប់ ដើម្បីថ្កោលទោសចំពោះឧក្រិដ្ឋកម្មសង្គ្រាម និងឈានទៅបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែនតាមដែលអាចធ្វើទៅបាន។

គណៈប្រតិភូជាប្រធានសភាទាំងអស់បានចូលរួមពិធីសម្ពោធការតាំងពិព័រណ៍ដែលឧទ្ទិសដល់សិទ្ធិនយោបាយដំបូងរបស់ស្រ្តីនៅលើពិភពលោក និងស្រ្តីនៅបារាំង ដែលរៀបចំឡើងនៅក្នុងវិមានរដ្ឋសភាសាធារណរដ្ឋបារាំង នៅមុនការឈានដល់ការបើកវេទិកាតុមូល ដែលជាឱកាសផ្តល់ដល់តំណាងរាស្រ្តជាស្រ្តីទំាងអស់ បានបញ្ចេញទស្សនៈនៅក្នុងការកិច្ចការពារផលប្រយោជន៍និងគុណតម្លៃរបស់ស្រ្តីនៅលើសកលលោក៕