(ភ្នំពេញ)៖ លោក មោសា អះម៉ាត់ សាស្ត្រាចារ្យសាសនាឥស្លាមកម្ពុជា ដែលបញ្ជប់ការសិក្សាជំនាញសាសនាឥស្លាមពីសាសកលវិទ្យាល័យម៉ាឌីណះ អាល់មូណាវ៉ារ៉ោះ នៅប្រទេសអារ៉ាប់ប៊ី សាអ៊ូឌីត បានពន្យល់សង្ខេបពីសិទ្ធិស្ត្រី និងតម្លៃស្ត្រីនៅក្នុងសាសនាឥស្លាម។

ឆ្លើតបនឹងសំណួររបស់អ្នកយកព័ត៌មានប្រចាំអង្គភាព Fresh News លោក ស្លៃម៉ាន ហ្វាន់ទី នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ លោកសាស្រ្តាចារ្យបានថ្លែងថា តាមធម្មតាអ្នកដែលមានអង្គរក្សតាមខ្លួនដើម្បីការពារ គឺជាអ្នកមាន ទ្រព្យសម្បត្តិស្តុកស្តម ឬអ្នកមានតំណែងខ្ពង់ខ្ពស់។

ហេតុនេះសាសនាឥស្លាមដែលតម្រូវឲ្យមានសាច់ញ្ញាតជិតជាបុរស ឬប្តីអមដំណើរស្រ្តីពេលធ្វើដំណើរទៅឆ្ងាយពីផ្ទះដើម្បីការពារនោះមានន័យថា សាសនានេះចាត់ទុកស្រ្តី គឺជាមនុស្សមានតម្លៃ និងជាមនុស្សពិសេសនៅក្នុងគ្រួសារ ប៉ុន្តែគួរឲ្យស្តាយ មានអ្នកខ្លះបែរជាមួលបង្កាច់ឥស្លាមថានេះជាការបំបិទសិទ្ធិស្រ្តីទៅវិញ។

លោកសាស្ត្រារាចារ្យបន្តថា បងប្អូនឥស្លាមទាំងឡាយ! ចូរគោរព និងកោតខ្លាចទៅចំពោះអល់ឡោះដោយអនុវត្ត​​ឲ្យ​បានត្រឹមត្រូវ​​តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងឲ្យឆ្ងាយអំពីប្រការទាំ ​ឡាយណាដែលទ្រង់ បានហាមឃាត់។ ជាការពិតណាស់ ចំពោះអ្នកដែលសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្រ្តពិតរបស់សាសនាឥស្លាមនោះ គាត់ពិតជាដឹងយ៉ាងច្បាស់ដោយគ្មានការមន្ទិលសង្ស័យអ្វីបន្តិចឡើយថា សាសនាឥស្លាមគឺជាសាសនាដែល ឲ្យតម្លៃខ្ពស់ចំពោះស្រ្តី លើកតម្កើងកិត្តិយសរបស់ស្រ្តី និងការពារសិទ្ធិស្រ្តីអំពីការជាន់ឈ្លី ឬការបន្ទាបន្ថោកផ្សេងៗ។

លោកបន្តថា នៅក្នុងសម័យកាលអវិជ្ជាមុនពេលសាសនាឥស្លាមបានមកដល់ស្រ្តីទាំងឡាយនៅក្នុងតំបន់អារ៉ាប់ត្រូវគេមាក់ងាយ បន្ទាបបន្ថោក និងចាត់ទុកថា ជាអ្នកនាំភាពអាម៉ាស ឬភាពអពមង្គលដល់គ្រួសារហើយនេះ ជាមូលហេតុដែលគ្រួសារភាគច្រើន មិនចង់បានកូនស្រីនោះទេ។ នៅពេលប្រសូត្របានកូនស្រ្តី គ្រួសារខ្លះបានសម្លាប់កូននោះចោលវិញយ៉ាងឃោរឃៅដោយកនាងទៅកប់ចោលទាំងរស់ ហើយគ្រួសារខ្លះយកនាងទៅទម្លាក់ ពីលើភ្នំដើម្បីសម្លាប់ចោល។ ចំណែកគ្រួសារខ្លះដែលអាណិតកូនស្រីមិនដាច់ចិត្តសម្លាប់ចោលនោះ គឺសុខចិត្តទ្រាំអាម៉ាសនៅក្នុងសង្គម អាម៉ាសចំពោះមិត្តភក្តិ និងញាតិជិតខាងទាំងឡាយ។ នេះគឺជាការវិនិច្ឆ័យមិនត្រឹមត្រូវ នៅក្នុងសង្គមដែលបំពានលើសិទ្ធិនិងកិត្តិយសរបស់ស្រ្តី។

លោកសាស្រ្តាចារ្យលើកឡើងពីវគ្គខណ្ឌខ្លះដែលស្រង់ចេញពីគម្ពីរដ៍ពិសិដ្ឋ អាល់គុរអាន៖ អល់ឡោះបានមានបន្ទូលនៅក្នុងគម្ពីរអាល់គួរអានបញ្ជាក់អំពីស្ថានភាពរបស់ពួកគេថា ﴿ وَإِذَا بُشِّرَ أَحَدُهُمْ بِالْأُنْثَى ظَلَّ وَجْهُهُ مُسْوَدًّا وَهُوَ كَظِيمٌ * يَتَوَارَى مِنَ الْقَوْمِ مِنْ سُوءِ مَا بُشِّرَ بِهِ أَيُمْسِكُهُ عَلَى هُونٍ أَمْ يَدُسُّهُ فِي التُّرَابِ أَلَا سَاءَ مَا يَحْكُمُونَ ﴾. (سورة النحل: 58، 59) មានន័យថាៈ «ហើយនៅពេលដែលអ្នកណាម្នាក់ក្នុងចំណោមពួកគេ ត្រូវបានគេផ្ដល់ដំណឹងរីករាយថា ប្រសូត្របានកូនស្រីនោះ មុខរបស់គេប្រែទៅជាខ្មៅហើយគេពោរពេញទៅដោយទុក្ខសោក។ គេលាក់ខ្លួនអំពីក្រុមមនុស្ស ព្រោះតែដំណឹងដែលត្រូវគេប្រាប់នោះ។ (គេគិតថា) តើគេគួររក្សាទុកកូននេះអាប់ឱនកិត្ដិយស ឬក៏កប់កូននោះទាំងរស់ទៅក្នុងដី។ ជាការពិតណាស់ អ្វីដែលពួកគេវិនិច្ឆ័យនោះគឺពិតជាអាក្រក់ណាស់»។ (ជំពូក អាន់ណះល៍ : ៥៨-៥៩)

លោកបន្តទៀតថា ក្រោយពេលសាសនាឥស្លាមបានមកដល់ សាសនានេះបានដាក់ចេញនូវច្បាប់ជាច្រើនដើម្បីការពារស្រ្តី ការពារអាយុជីវិតរបស់ស្រ្តីរួមជាមួយនឹងកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្រ្តី។ អល់ឡោះបានមានបន្ទូលនៅក្នុងគម្ពីរអាល់គួរអានថា ﴿ وَلاَ تَقْتُلُوا اَوْلادَكُمْ خَشيَةَ اِمْلاَق نَحْنُ نَرْزُقهُمْ واِيَّاكُمْ اِنَّ قَتْلَهُمْ كَانَ خِطأكَبِيراً  ﴾. (سورة الإسراء: 31) មានន័យថាៈ «ហើយចូរពួកអ្នកកុំសម្លាប់កូនៗរបស់ពួកអ្នកដោយសារខ្លាចក្រ។ យើងគឺជាអ្នកផ្តល់លាភសក្ការៈដល់ពួកគេ និងពួកអ្នក។ ពិតណាស់ ការសម្លាប់ពួកគេនោះគឺជាបាបកម្មដ៏ធំធេង»។ (អាល់អ៊ីស្រក : ៣១) ។ នៅក្នុងអាយ៉ាត់នេះ អល់ឡោះបានហាមឃាត់ការសម្លាប់កូនមិនថា កូននោះប្រុស ឬជាស្រីនោះទេ ពោលគឺជីវិតពួកគេត្រូវបានការពារដូចគ្នានៅក្នុងសាសនាឥស្លាម។ អល់ឡោះបានបញ្ជាក់ពីទោសកំហុស និងបាបកម្មដ៏ធំធេងសម្រាប់អ្នកដែលប៉ះពាល់ដល់អាយុជីវិតអ្នកដទៃដោយខុសច្បាប់។ ជាក់ស្តែងទ្រង់បានមានបន្ទូលថាៈ ﴿ ...مَنْ قَتَلَ نَفْسًا بِغَيْرِ نَفْسٍ أَوْ فَسَادٍ فِي الْأَرْضِ فَكَأَنَّمَا قَتَلَ النَّاسَ جَمِيعًا ﴾. (سورة المائدة: 32) មានន័យថាៈ «បុគ្គលណាសម្លាប់ជីវិតមួយដែលមិនមែនជាការដាក់ទោសចំពោះឃាតករដែលបានសម្លាប់ជីវិតឬបំផ្លិចបំផ្លាញនៅលើផែនដីទេនោះគាត់មានបាបកម្មហាក់បីដូចជាសម្លាប់ជីវិតមនុស្សទាំងអស់»។ (អាល់ម៉ាអ៊ីហ្ទះ : ៣២) លោកអះអាងថា នៅក្នុងគម្ពីរអាល់គួរអានបានសង្កត់ធ្ងន់លើការសម្លាប់ជីវិតក្មេងស្រីដោយអយុត្តិធម៌ដោយបន្ទូលរបស់ អល់ឡោះដ៏មហាខ្ពង់ខ្ពស់ថា ﴿ وإذَا الموْءُوْدَةُ سُئِلَتْ. بأي ذنب قتلت  ﴾. (سورة  التكوير: 8-9) មានន័យថាៈ «ហើយនៅពេលទារិកាដែលគេបានកប់ទាំងរស់ត្រូវបានគេសួរថាៈ តើដោយសារបាបកម្មអី្វបានជានាងត្រូវបានគេសម្លាប់? »។ (អាត់តឹកវៀរ : ៨-៩) ។

 លោកសាស្ត្រាចារ្យពន្យល់៖ បងប្អូនជាទីស្រលាញ់! ស្រ្តីនៅក្នុងសាសនាឥស្លាមមានសិទ្ធិដូចជាបុរសក្នុងការទទួលបានការតបស្នងល្អ ពីអល់ឡោះទាំងនៅក្នុងលោកិយ៍ និងនៅថ្ងៃបរលោក។ ជាក់ស្តែងអល់ឡោះបានមានបន្ទូលថាៈ ﴿ مَنْ عَمِلَ صَالِحًا مِنْ ذَكَرٍ أَوْ أُنْثَى وَهُوَ مُؤْمِنٌ فَلَنُحْيِيَنَّهُ حَيَاةً طَيِّبَةً وَلَنَجْزِيَنَّهُمْ أَجْرَهُمْ بِأَحْسَنِ مَا كَانُوا يَعْمَلُونَ ﴾. (سورة  النحل : 97) មានន័យថាៈ «បុគ្គលណាហើយដែលបានសាងអំពើល្អក្នុងចំណោមបុរសឬស្ដ្រី ហើយគេជាអ្នកមានជំនឿ នោះយើងពិតជានឹងធ្វើអោយគេមានជីវិតរស់នៅដ៏ល្អប្រសើរនិងតបស្នងអោយពួកគេវិញនូវផលបុណ្យរបស់ពួកគេ ដោយសារតែអំពើល្អដែលពួកគេធ្លាប់បានសាង»។ (ជំពូក អាន់ណះល៍ : ៩៧)

លោកបញ្ជាក់ថា ស្រ្តីត្រូវបានចាត់ទុកជាមនុស្សពិសេសនៅក្នុងសាសនាឥស្លាម។ នៅក្នុងគម្ពីរអាល់គុរអានអល់ឡោះបានដាក់ឈ្មោះជំពូកមួយថា «ស៊ូរ៉ោះ អាន់នីសាក» ដែលមានន័យថា ជំពូកស្តីអំពីស្រ្តី។ ក្រៅពីនេះសាសនាឥស្លាមក៏បានដាក់ចេញនូវបទបញ្ជាផ្សេងៗនិងបានផ្តាំផ្ញើអោយធ្វើល្អចំពោះស្រ្តីទាំងឡាយ។ ជាក់ស្តែង៖១.ឥស្លាមបានដាក់បទបញ្ជាអោយធ្វើល្អចំពោះស្រ្តីជាមាតាទាំងឡាយ។ តួយ៉ាងដូចជា អល់ឡោះបានមានបន្ទូលថា៖ ﴿ وَوَصَّيْنَا الْإِنْسَانَ بِوَالِدَيْهِ حُسْنًا ﴾. (سورة  العنكبوت : 8) មានន័យថាៈ «ហើយយើងបានដាក់បញ្ជាដល់មនុស្សអោយធ្វើល្អចំពោះឪពុកម្តាយរបស់គាត់»។ (ជំពូក អាល់អាំងកាពូត: ៨)

លោកបន្តថា មានបុរសម្នាក់បានទៅសួរអ្នកនាំរ៉ស៊ូលុលឡោះﷺថាៈ مَنْ أحقُّ الناسِ بحُسنِ صَحابتي ؟ قال: أُمُّك، قال: ثم مَن ؟ قال: ثم أُمُّك، قال: ثم مَنْ ؟ قال: ثم أُمُّك، قال: ثم مَن ؟ قال: ثم أبوك ]. متفق عليه មានន័យថាៈ តើនរណាដែលខ្ញុំត្រូវធ្វើល្អចំពោះគាត់ជាងគេ? លោកﷺបានឆ្លើយថាៈ «ម្តាយរបស់អ្នក»។ គាត់បានសួរទៀតថាៈ បន្ទាប់មកនរណា? លោកបានឆ្លើយថាៈ «ម្តាយរបស់អ្នក»។ គាត់បានសួរទៀតថាៈ បន្ទាប់មកនរណា? លោកបានឆ្លើយថាៈ «ម្តាយរបស់អ្នក»។ គាត់បានសួរទៀតថាៈ បន្ទាប់មកនរណា? លោកបានឆ្លើយថាៈ «ឪពុករបស់អ្នក»។ (រាយការណ៍ដោយអាល់ពូខរីនិងមូស្លីម)

២.ឥស្លាមបានណែនាំអោយធ្វើល្អចំពោះកូនស្រីទាំងឡាយ។ ជាំក់ស្តែងរ៉ស៊ូលុលឡោះﷺបានមានប្រសាសន៍ថាៈ « من عالَ جارِيَتَيْنِ حتَّى تَبْلُغا، جاءَ يَومَ القِيامَةِ أنا وهو وضَمَّ أصابِعَهُ ». رواه مسلم មានន័យថាៈ «បុគ្គលណាមើលថែកូនស្រីពីរនាក់រហូតដល់ធំពេញវ័យនោះ ពេលថ្ងៃបរលោកមកដល់ខ្ញុំហើយនឹងគឺនៅក្បែរគ្នាដូចនេះ(លោកបានផ្អឹបម្រាមដៃរបស់លោកជិតគ្នា)»។ (រាយការណ៍ដោយមូស្លីម)

៣.ឥស្លាមបានដាក់បទបញ្ជាអោយស្វាមីទាំងឡាយធ្វើល្អចំពោះស្រ្តីជាភរិយារបស់ខ្លួន។ អល់ឡោះបានមានបន្ទូលថា៖ ﴿ وَعَاشِرُوهُنَّ بِالْمَعْرُوفِ ﴾. (سورة  النساء : 19) មានន័យថាៈ «ចូរពួករួមរស់ជាមួយនឹងពួកនាងដោយល្អប្រសើរ»។ (ជំពូក អាន់នីសាក : ១៩)

រ៉ស៊ូលុលឡោះﷺបានមានប្រសាសន៍ថាៈ «استوصوا بالنساء خيراً ». متفق عليه. មានន័យថាៈ «ចូរពួកអ្នកទទួលយកបណ្តាំរបស់ខ្ញុំក្នុងការធ្វើល្អចំពោះស្រ្តី»។ (រាយការណ៍ដោយអាល់ពូខរីនិងមូស្លីម)

លោកសាស្ត្រាចារ្យក៍បានលើកឡើងពីប្រសាសន៍របស់ព្យាការីមូហាំម៉ាត់ សល់ឡល់ឡរ ហ៊ូអាឡៃ ហ៊ីវ៉ាសាសល់ឡាំ ផងដែរថា៖  រ៉ស៊ូលុលឡោះﷺក៏បានមានប្រសាសន៍ដែរថាៈ «خَيرُكم خَيرُكم لأهلِه، وأنا خَيرُكم لأهلي». رواه الترمذي មានន័យថាៈ «អ្នកដែលល្អជាងគេនៃពួកអ្នកគឺអ្នកដែលល្អជាងគេចំពោះគ្រួសាររបស់គាត់ហើយខ្ញុំគឺជាអ្នកធ្វើល្អជាងគេចំពោះគ្រួសាររបស់ខ្ញុំ»។ (រាយការណ៍ដោយអាត់តៀរមីត្ស៊ី)

៤.សាសនាឥស្លាមបានប្រើឲ្យធ្វើល្អចំពោះសាច់ញាតិទាំងឡាយ ដោយមិនបានបែងចែកថាជាបុរសឬស្រ្តីនោះទេ។

៥.ឥស្លាមបានប្រើឲ្យជួយការពារ ថែរក្សា និងទំនុកបំរុងដល់ស្រ្តីមេម៉ាយទាំងឡាយ។ ជាក់ស្តែងរ៉ស៊ូលុលឡោះﷺបានមានប្រសាសន៍ថា « السَّاعِي عَلَى الأَرْمَلَةِ وَالْمِسْكِينِ كَالْمُجَاهِدِ في سَبِيلِ اللَّهِ أَو الْقَائِمِ اللَّيْلَ الصَّائِمِ النَّهَارَ ». رواه البخاري មានន័យថាៈ «អ្នកទំនុកបំរុងដល់ស្រ្តីមេម៉ាយនិងអ្នកក្រីក្រគឺប្រៀបដូចជាអ្នកតស៊ូក្នុងមាគ៌ារបស់អល់ឡោះឬប្រៀបដូចជាអ្នកប្រតិបត្តិសឡាតនៅពេលយប់និងអ្នកបួសនៅពេលថ្ងៃ»។ (រាយការណ៍ដោយអាល់ពូខរី)          

លោកពន្យល់ទៀតថា៖ បងប្អូនឥស្លាមទាំងឡាយ! សាសនាឥស្លាមផ្តល់តម្លៃដល់ស្រ្តីនិងអាណិតស្រលាញ់ស្រ្តី។ សាសនានេះ មិនបានដាក់បន្ទុកលើគាត់អោយផ្គត់ផ្គង់ជីវភាពដល់នរណាម្នាក់នោះទេ។ ដោយឡែកចំពោះបុរសវិញ គឺមានកាតព្វកិច្ចត្រូវផ្គត់ផ្គង់ជីវភាពដល់ភរិយានិងកូនចៅ។ល។ សាសនាឥស្លាមមិនបានដាក់កាតព្វកិច្ចលើស្រ្តីអោយទៅចូលរួមប្រតិបត្តិសឡាតជុំអាត់ឬជើម៉ាអះនៅម៉ាស្ជិទនោះទេ។ សាសនានេះក៏មិនបានដាក់កាតព្វកិច្ច លើស្រ្តីអោយតស៊ូប្រយុទ្ធក្នុងសមរភូមិដើម្បីបុព្វហេតុអល់ឡោះដែរ។

សាសនាឥស្លាមបានដាក់កាតព្វកិច្ចលើបុរសដែលចង់រៀបអាពាហ៍ពិពាហ៍នឹងស្រ្តីណាម្នាក់អោយផ្តល់បណ្ណាការ(ម៉ាហ៊ើរ)ជាទ្រព្យអ្វីមួយដល់ស្រ្តីដែលគាត់ចង់រៀបអាពាហ៍ពិពាហ៍ជាមួយនោះដែលនេះបញ្ជាក់យ៉ាងច្បាស់ពីការអោយតម្លៃខ្ពស់ទៅចំពោះស្រ្តីសូម្បីក្រោយពេលស្លាប់ក៏ក្រណាត់រុំសពសម្រាប់ស្រ្តីច្រើនជាងបុរសដែរ។
ចូរចងចាំនូវប្រសាសន៍របស់រ៉ស៊ូលុលឡោះﷺថាៈ « إنماء النساء شقائق الرجال ». رواه أبو داود والترمذي មានន័យថាៈ «តាមពិតស្រ្តីទាំងឡាយគឺប្រៀបដូចជាបុរសទាំងឡាយដែរ»។ (រាយការណ៍ដោយអាពូដាវូទនិងអាំត់តៀរមីត្សី)។

សូមបញ្ជាក់ថា សិទ្ធិស្ត្រីនៅកម្ពុជា មានភាពទូលំទូលាយណាស់ ខណៈដែលរាជរដ្ឋាបាលកម្ពុជា តាំងពីជំនាន់សម្ដេចតេជោ ហ៊ុន សែន រហូតមកដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត មិនដែលភ្លេចឡើយពីការលើកតម្កើងតម្លៃ និងសិទ្ធិស្ត្រី ហើយក្នុងនោះដែរសិទ្ធិស្ត្រីឥស្លាមកម្ពុជា ក៏មានសភាពស្មើរៗគ្នាផងដែរ ដែលកត្តានេះនាំឲ្យសហគមន៍អន្តរជាតិកោតសរសើរមិនដាច់ពីមាត់ឡើយចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយអនុវត្តន៍បាននូវសិទ្ធិសេរីភាពយ៉ាងពេញលេញ និងសុខដុមនីយកម្មសាសនាបានល្អបំផុត ដែលនេះជាគម្រូដ៍ល្អបំផុតមួយសម្រាប់សាសកលសិក្សារៀនសូត្រ និងអនុវត្តន៍តាមមេដឹកនាំកម្ពុជា៕