(ស្វាយរៀង)៖ ដោយមានការគាំទ្រពីសំណាក់ ក្រសួងអប់រំ យុវជន និងកីឡា សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC ) និងសមាគមទំនាក់ទំនងយុវជនកម្ពុជាចិន (CCYA) បានចុះធ្វើសិក្ខាសាលា ស្តីពីការតម្រង់ទិស និងផ្សព្វផ្សាយស្នើសុំអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ដល់សិស្សានុសិស្សនៅខេត្តស្វាយរៀង សរុបប្រមាណ ៤០០០នាក់។

សិក្ខាសាលាធ្វើឡើងក្នុងគោលបំណងរួមមាន៖ ណែនាំអំពីវិធីសាស្ត្រស្នើសុំអាហារូបករណ៍ដោយផ្ទាល់ សម្រាប់ថ្នាក់បរិញ្ញាបត្រ, តម្រង់ទិសក្នុងការសិក្សា កំណត់ទិសដៅសិក្សា និងលើកទឹកចិត្តសិក្សាភាសាចិន ដើម្បីត្រៀមស្នើសុំអាហារូបករណ៍, ជំរុញកំណើននិស្សិតកម្ពុជាមកសិក្សានៅប្រទេសចិន, ផ្សព្វផ្សាយអំពីការយកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស, ផ្សព្វផ្សាយអំពីវប្បធម៌ចិន ភាពរីកចម្រើន និងភាពស៊ីវីល័យរបស់ប្រទេសចិន, រួមចំណែកពង្រឹងចំណងមិត្តភាពដែកថែប រវាងកម្ពុជា-ចិន.

សិក្ខាសាសានេះមានការចូលរួមដោយ លោក អ៊ុំ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាល ACSC និងជាប្រធានសមាគម CCYA ព្រមទាំងជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ , លោក ញិល សូវៀត អនុប្រធានក្រុមប្រឹក្សាភិបាល ACSC និងជាអនុប្រធានសមាគម CCYA ព្រមទាំងជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ , លោកស្រី លី ស៊ានលីន (LI XUELIN) អនុប្រធានសមាគម CCYA រួមទាំងវាគ្មិនជាបេក្ខជនជ័យលាភីអាហារូបករណ៍CSC ឆ្នាំ២០២៤ និងជាអតីតសិស្សនិទ្ទេសA រួមមាន៖ កញ្ញា តាំង មុយលី (ឆ្នាំ២០២៣) និងលោក សុង គីមទៀង (ឆ្នាំ២០២២) ព្រមទាំងមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងលោកនាយកវិទ្យាល័យទាំង៤ ផងដែរ។

នាឱកាសនោះលោក អ៊ុំ វុទ្ធទី បានធ្វើលើកទឹកចិត្តដល់សិស្សានុសិស្ស ត្រូវខិតខំរៀនភាសាបរទេសឲ្យបានល្អ អាចប្រើប្រាស់ជាផ្លូវការបាន ជាពិសេសភាសាចិន និងភាសាអង់គ្លេស ជាស្ពានដ៏រឺងមាំ ដែលអាចចម្លងទៅកាន់ពិភពលោកដ៏ធំធេង។ លោកបន្តថា ថ្ងៃនេះ បងៗជារៀមច្បង មកចែករំលែក មកណែនាំផ្លូវប្អូនៗ ឱ្យស្គាល់ផ្លូវ ដើរឆាប់ដល់កុំឱ្យខាតពេល ហើយបងៗ កំពុងប្រាប់ផ្លូវប្អូនៗ ទៅបន្តការសិក្សានៅប្រទេសមហាអំណាចពិភពលោក គឺប្រទេសចិន ដែលជាមហាមិត្ត មិត្តដែកថែបរបស់កម្ពុជាយើង។

ឆ្លៀងក្នុងឱកាសនោះ លោកប្រធាន បានអំពាវដល់សិស្សានុសិស្ស ត្រូវស្វែងរកប្រភពព័ត៌មានច្បាស់លាស់ ត្រឹមត្រូវ ពីព្រោះកន្លងមក មាននិស្សិតមួយចំនួនរងគ្រោះ រងការឆបោកពីក្រុមហ៊ុនសេវាកម្ម ឬបុគ្គលមួយចំនួន ក្នុងការរត់ការរៀបចំឯកសារអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន។

កញ្ញា យ៉ុង ម៉ូនីកា សិស្សវិទ្យាល័យហ៊ុនសែនកំពង់រោទិ៍ បានលើកឡើងថា ថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៌រំភើបខ្លាំងពីព្រោះនាងបានដឹងព៍ត៌មានថ្មីៗចំពោះការដាក់អាហារូបករណ៍ទៅកាន់ប្រទេសចិន ហើយពិតជាអរគុណសមាគមទាំង២ និងក្រសួងអប់រំ ដែលបានចុះមកធ្វើសិក្ខាសាលាវិទ្យាល័យយើងខ្ញុំ។

លោក សេង ទ្រី សិស្សវិទ្យាល័យហ៊ុនសែនស្វាយជ្រំ បានលើកឡើងថា ខ្ញុំឃើញថាកម្មវិធីមួយនេះពិតជាមានអត្ថប្រយោជន៍ខ្លាំងមែនទែនសម្រាប់សិស្សទី១២ ដែលត្រៀមប្រលងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ហើយមួយវិញទៀតសូមសំណូមពរឱ្យមានការផ្សព្វផ្សាយបែបនេះជាបន្តបន្ទាប់ទៀតនៅតាមវិទ្យាល័យផ្សេងៗទូទាំងព្រះរាជាណាចក្រកម្ពុជា មួយវិញទៀតសូមសំណូមពរមានកម្មវិធីបែបនេះជារៀងរាល់ឆ្មាំដើម្បីដាក់អាហារូបករណ៍ឱ្យមានប្រសិទ្ធភាពចំគោលដៅហើយទទួលបានជោគជ័យ។

លោក ស៊ុំ សំណាង សិស្សវិទ្យាល័យស្វាយរៀង បានលើកឡើងថា ថ្ងៃនេះលោក និងសិស្សានុសិស្សទាំង៣ថ្នាក់ បានយល់ដឹងអំពីប្រទេសចិន និងឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន។ ធ្លាប់តែលឺគេនិយាយ ថ្ងៃនេះបានជួបបងៗផ្ទាល់ដែលថ្នាក់ដឹកនាំសមាគមនិស្សិតនៅប្រទេសចិន។ ជាពិសេសដឹងច្បាស់អំពីប្រភពអាហារូបករណ៍នៅចិន ជៀសវាងរងការឆបោកពីក្រុមហ៊ុន ឬសេវាកម្មផ្សេងៗ ដែលមានលក្ខណៈទុច្ចរឹក។

លោក ភួង តុលា សិស្សវិទ្យាល័យហ៊ុនសែនប្រសូតិ បានលើកឡើងថា សិក្ខាសាលានេះគឺផ្លូវមួយដ៏សំខាន់សម្រាប់ផ្តល់ឱកាសដល់ពួកខ្ញុំជាសិស្ស ដើម្បីត្រៀមលក្ខណសម្បត្តិទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ក្រោយប្រលងបញ្ចប់ថ្នាក់ទី១២។ ពួកខ្ញុំបានជួបដោយផ្ទាល់ចំពោះបងៗ ជាវាគ្មិនជាសិស្សនិទ្ទេសA និងបេក្ខជនជ័យលាភីអាហារូបករណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា២០២៤ បានចែករំលែកអំពីបច្ចេកទេសរៀន និងការប្រលងទទួលបានអាហារូបករណ៍។

លោក អ៊ុំ វុទ្ធទី បានបន្តទៀតថា សមាគមនិស្សិត នៅតែបន្តគោរពដឹងគុណអតីតនាយករដ្ឋមន្ត្រីកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ,សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំផ្សេងៗទៀត ចំពោះការគាំទ្រ និងឧបត្ថម្ភទ្រទ្រង់សកម្មភាពសមាគមចាប់តាំងពីថ្ងៃបង្កើតសមាគមនិស្សិត (១១ ឧសភា ២០១៧) រហូតមកបច្ចុប្បន្ន សមាគមមានរីកចម្រើន រឹងមាំហើយបាននិងបន្តឈរជើងធ្វើសកម្មភាពបានជាច្រើន ដើម្បីជាប្រយោជន៍ដល់យុវជន និងសង្គមជាតិ៕