(ព្រៃវែង)៖ លោកបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា និងសហការី បានជួបពិភាក្សាការងារជាមួយលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការអាជីវកម្ម និងវិនិយោគបន្ថែមទៀតរវាងឥណ្ឌូនេស៊ី និងកម្ពុជា និងស្វែងយល់ពីសក្ដានុពលខេត្តព្រៃវែង ដើម្បីផ្ដល់ព័ត៌មានដល់អ្នកវិនិយោគឥណ្ឌូនេស៊ី ក្នុងការសម្រេចចិត្តវិនិយោគក្នុងខេត្ត។
ការចុះសិក្សាស្វែងយល់នេះ គឺដើម្បីចូលរួមអនុវត្តតាមគោលនយោបាយបើកចំហទីផ្សាររបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមជាប្រទេសសមាជិកអាស៊ាន និងដៃគូសេដ្ឋកិច្ចពាណិជ្ជកម្ម។
ជាមួយគ្នានេះ អភិបាលខេត្ត និងលោក បណ្ឌិត Santo Darmosumarto និងសហការី បានអញ្ជើញទៅទស្សនកិច្ចនៅទីតាំងមួយចំនួន ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការអាជីវកម្ម និងវិនិយោគ ក្នុងខេត្តព្រៃវែង ទស្សនាសង្វាក់ផលិតកម្មនៅរោងម៉ាស៊ីនកិនស្រូវ ស្រុកស្វាយអន្ទរ, ទស្សនាចម្ការអំពៅ ស្ថិតនៅភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ, កសិដ្ឋានវារីវប្បកម្ម ស្ថិតនៅភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ស្រុកពាមរក៍ ផងដែរ៕