(ភ្នំពេញ)៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការចម្រុះសម្រាប់សម្របសម្រួលការអនុវត្តគម្រោងស្តីពីការពង្រឹងសមត្ថភាពក្នុងការសម្របសម្រួលសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា ជំហានទី៣ (JCC-PhaseIII) និងលោក Tanaka Yukinari ប្រធានបេសកកម្មនៃស្នាក់ការកណ្ដាលទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មការចម្រុះសម្រាប់សម្របសម្រួល (JCC) អន្តរក្រសួង ដើម្បីពិនិត្យដំណើរការនៃការអនុវត្តគម្រោងស្តីពីការពង្រឹងសមត្ថភាពសម្របសម្រួលសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា សម្រាប់ជំហានទី៣។
កិច្ចប្រជុំនេះបានធ្វើឡើងនាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវចរាចរណ៍ឆ្លងកាត់ព្រំដែន និងការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ដោយមានសមាសភាពគណៈកម្មការគម្រោង ដែលមានការចូលរួមសរុបចំនួន ៧០រូប។
នាឱកាសនោះលោកស្រី កុយ សុដានី បានជម្រាបជូនអង្គប្រជុំស្តីពីវឌ្ឍនភាពការងារគម្រោងធ្វើឱ្យប្រសើរប្រព័ន្ធភស្តុភារកម្មកម្ពុជា ដែលមាន០៣ដំណាក់កាល៖ ដំណាក់កាលទី០១ បានចាប់ផ្ដើមអនុវត្តពីឆ្នាំ២០១៨ ដល់ ដើមឆ្នាំ២០២០, ដំណាក់កាលទី២ បានអនុវត្តពីចុងឆ្នាំ២០២០ ដល់ ឆ្នាំ២០២៣ និងដំណាក់ទី៣ គ្រោងអនុវត្តរយៈពេល ០៣ឆ្នាំ គិតចាប់ពីដើមឆ្នាំ២០២៤ រហូតដល់ ឆ្នាំ២០២៧។
អង្គប្រជុំបានផ្តោតការពិភាក្សាលម្អិតលើផែនការសកម្មភាពអនុវត្តគម្រោងទាំងផ្នែកទន់ និងផ្នែករឹង (Soft&Hard) រួមជាមួយការតាមដានការអនុវត្តគម្រោងជាច្រើន ក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ (CITLS-MP) ដែលរាជរដ្ឋាភិបាលបានអនុម័តកាលទី២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។
គម្រោងនេះមានគោលបំណងសំខាន់ៗ រួមមាន៖ (១) ការរៀបចំផែនការ និងការវិភាគដោយផ្អែកលើទិន្នន័យភស្តុភារកម្មកម្ពុជា ការតាមដានរបាយការណ៍ភស្តុភារកម្មប្រចាំឆ្នាំ និងការតាមដានការអនុវត្តគោលនយោបាយលើការដឹកជញ្ជូន និងភស្តុភារកម្ម វឌ្ឍនភាពការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ (CITLS-MP) (២) ការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងការដឹកជញ្ជូនទំនិញ តាមផ្លូវគោកនិងផ្លូវរថភ្លើង ការរៀបចំបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការដឹកជញ្ជូនទំនិញគ្រោះថ្នាក់ និង (៣) ការសម្របសម្រួលចរាចរណ៍ឆ្លងកាត់ព្រំដែនតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ។ គម្រោងមានរយៈពេលអនុវត្តចំនួន ០៣ឆ្នាំ (២០២៤- ២០២៧)។
បន្ទាប់ពីកិច្ចពិភាក្សាអង្គប្រជុំបានសំណូមពរ (១) ស្នើសុំឱ្យមានការសិក្សាបឋមស្តីពីការសាងសង់ស្ថានីយរថភ្លើងអន្តរជាតិនៅស្ទឹងបត់ (២) សិក្សារៀបចំជាគោលនយោបាយមជ្ឈមណ្ឌលភស្តុភារកម្មប្រចាំតំបន់ (៣) បន្តពង្រឹងសមត្ថភាពមន្ត្រីក្នុងវិស័យភស្តុភារកម្ម ។
បន្ថែមពីលើនេះលោកស្រី កុយ សុដានី ក៏ជំរុញឱ្យក្រុមការងារទាំងអស់បន្តកិច្ចសហការបន្ថែមទៀតដើម្បីជំរុញការអនុវត្តគម្រោងឱ្យទទួលបានជោគជ័យ សំដៅលើកកម្ពស់និងធ្វើឱ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូន និងភស្ដុភារកម្មកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត៕