(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ សូមថ្លែងកោតសរសើរចំពោះបេក្ខជនជនពិការ ហ៊ុន សុហេង ដែលបានព្យាយាម ប្រឹងប្រែង ថតវិដេអូដាក់ប្រកួតប្រជែងនៅក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» រហូតទទួលបានជយលាភីក្នុងចំណោម១០រូប (Top-10) ក្នុងកម្មវិធី។
លោក ឯម ច័ន្ទមករា ដែលកំពុងចូលរួមក្នុងពិធីប្រគល់រង្វាន់ដល់បេក្ខជនទទួលជយលាភីចំនួន១០រូប នៅឯវិមានសន្តិភាព បានថ្លែងឲ្យដឹងថា «ខ្ញុំសូមកោតសរសើរអស់ពីចិត្តចំពោះ ប្អូនប្រុស ហ៊ុន សុហេង ដែលជាជនពិការមួយរូប ហើយខំព្យាយាមជំនះក្នុងជីវិត ព្យុះពារគ្រប់ឧបសគ្គដើម្បីអនាគតជីវិត របស់ខ្លួនរៀនសូត្រ និងព្យាយាមថតវិដេអូយកមកដាក់ប្រកួតប្រជែង នៅក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» រហូតទទួលបានជយលាភីក្នុង ចំណោម១០រូប (Top-10) ក្នុងកម្មវិធី។ នេះជាការខិតខំប្រឹងប្រែងមួយ ដ៏គួរឲ្យកោតសរសើរសម្រាប់ជនពិការ»។
សូមជំរាបថា នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦នេះ កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» បានរៀបចំកម្មវិធីប្រគល់រង្វាន់ និងប័ណ្ណសរសើរដល់បេក្ខជន បេក្ខនារី ទទួលជយលាភីទាំង១០រូប (Top-10) នៅវិមានសន្តិភាព ដែលមានការចូលរួមជាអធិបតីភាពពី លោក ដួង តារា អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងារ Facebook របស់សម្តេចនាយករដ្ឋមន្រ្តី។
សូមបញ្ជាក់ថាកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ត្រូវបានបង្កើតឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងគោលបំណងគាំទ្រ លើកទឹកចិត្តដល់ពលរដ្ឋ ជាពិសេសយុវជនយុវនារីគ្រប់រូបឲ្យចូលរួមកសាង អំពើល្អអោយកាន់តែច្រើនឡើងៗនៅក្នុងសង្គម និងចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ៕