(ភ្នំពេញ)៖ នៅមុនថ្ងៃទិវានារីអន្តរជាតិ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនក្នុងតំបន់អាស៊ាន (ARMAC) មានសេចក្តីសោមន្សរីករាយក្នុងការប្រកាសការតែងតាំង លោកស្រី ប៊ុត រតនា ក្លាយជានាយកប្រតិបត្តិ។ នេះជាព្រឹត្តិការណ៍សំខាន់មួយខណៈលោកស្រីក្លាយជាស្ត្រីដំបូងគេដែលកាន់តំណែងជាអ្នកដឹកនាំក្នុងប្រវត្តិសាស្ត្ររបស់អង្គភាព។

ការតែងតាំងរបស់លោកស្រី នៅថ្ងៃដែលប្រារព្ធនូវសមិទ្ធិផលរបស់ស្ត្រីទូទាំងពិភពលោក ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ARMAC ចំពោះសមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំដែលរួមបញ្ចូល នៅក្នុងសកម្មភាពដោះមីនមនុស្សធម៌ និងការកំចាត់ចោលអាវុធជាតិផ្ទុះ។

លោកស្រី ប៊ុត រតនា បានបង្ហាញពីភាពជាអ្នកដឹកនាំ និងចក្ខុវិស័យយុទ្ធសាស្ត្រនៅក្នុងតួនាទីពីមុនរបស់លោកស្រីក្នុងកិច្ចខិតខំប្រឹងប្រែងដោះមីនមនុស្សធម៌នៅកម្ពុជា។
បទពិសោធន៍យ៉ាងទូលំទូលាយរបស់លោកស្រី រួមទាំងការរួមចំណែកដ៏លេចធ្លោក្នុងនាមជាអ្នកគ្រប់គ្រងប្រតិបត្តិការប្រចាំប្រទេសសម្រាប់កម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍន៍មនុស្សធម៌ នាយកប្រចាំប្រទេសសម្រាប់មូលនិធិ Sir Bobby Charlton និង ការធ្វើការជាមួយអង្គការម៉ែក (Mines Advisory Group) ជាងមួយទសវត្សរ៍នោះ បានរៀបចំឱ្យអ្នកស្រីដឹកនាំ ARMAC ឆ្ពោះទៅរកឧត្តមភាពថ្មីប្រកបដោយប្រសិទ្ធភាព នៅក្នុងសកម្មភាពរំដោះមីន។

ក្នុងសុន្ទរកថាលើការទទួលយកការតែងតាំងនេះ លោកស្រី ប៊ុត រតនា បានសម្តែងការដឹងគុណ និងទស្សនៈវិស័យសម្រាប់អនាគតថា៖ «នាងខ្ញុំដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្ត និងទំនុកចិត្តដែលដាក់មកលើរូបខ្ញុំពីសំណាក់គណៈកម្មាធិការដឹកនាំ និងក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជា។ សក្ខីកម្មចំពោះភាពជឿនលឿនដែលយើងកំពុងឆ្ពោះទៅរកសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីក្នុងតួនាទីជាអ្នកដឹកនាំ។ នាងខ្ញុំប្តេជ្ញាថានឹងប្រើប្រាស់ជំនាញរបស់ខ្ញុំ និងលះបង់ធនធានចាំបាច់នានា ដើម្បីឈានទៅសម្រេចគោលដៅរួមរបស់យើង។ ពួកយើងទាំងអស់គ្នានឹងបន្តជំរុញលើអ្វីៗដែលអាចធ្វើទៅបានក្នុងសកម្មភាពរំដោះមីន ដោយខិតខំបង្កើតអនាគតដ៏មានសុវត្ថិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា»

លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ជាអតីតប្រធានបានឆ្លុះបញ្ចាំងពីការតែងតាំងលោកស្រី ប៊ុត រតនា ថា៖ «យើងដឹងថាលោកស្រី ប៊ុត រតនា មិនត្រឹមតែជាអ្នកដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញានៃការបង្កើតថ្មី និងការរួមបញ្ចូលនានា ដែលលោកស្រីគឺជាអ្នកត្រួសត្រាយផ្លូវដើម្បីឱ្យអ្នកដទៃទៀតដើរតាម។ ភាពជាអ្នកដឹកនាំរបស់លោកស្រីមកស្របពេលដែលបេសកកម្មរបស់យើងកំពុងមានតម្រូវការសំខាន់ និងបន្ទាន់»

លោក Buakeo Phumvongsay ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា ជាប្រធានកាន់តំណែងថ្មី ក៏បានចែករំលែកនូវភាពសាទរ នេះផងដែរថា៖ «ថ្ងៃនេះមិនត្រឹមតែជាការផ្លាស់ប្តូរតំណែងប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ ARMAC នៅពេលដែលយើងស្វាគមន៍លោកស្រី ប៊ុត រតនា ខណៈដែលការតែងតាំងរបស់លោកស្រីបង្ហាញពីយុគសម័យដែលការរួមបញ្ចូលនិងភាពចម្រុះដែលត្រូវគេទទួលស្គាល់។ ក្រោមការដឹកនាំរបស់លោកស្រី ប៊ុត រតនា ARMAC ត្រៀមខ្លួនជាស្រេចដើម្បីបង្កើនតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលនៃឧត្តមភាព ជំរុញបេសកកម្មរបស់យើងក្នុងការកាត់បន្ថយទុក្ខលំបាករបស់សហគមន៍ដែលរងផលប៉ះពាល់ដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»

ARMAC មានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលកិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋសមាជិកអាស៊ាន និងអ្នកពាក់ព័ន្ធផ្សេងៗ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលបណ្តាលមកពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ដោយមានលោកស្រី ប៊ុត រតនា ជានាយកប្រតិបត្តិ ARMAC គ្រោងនឹងពង្រឹងឥទ្ធិពលរបស់ខ្លួននៅទូទាំងតំបន់ ដោយបន្តបេសកកម្មរបស់ខ្លួនឱ្យមានសុវត្ថិភាព និងវិបុលភាពជាងមុនសម្រាប់តំបន់អាស៊ីអាគ្នេយ៍៕